កម្ពុជាបានញ្ជាទិញឧបករណ៍តេស្តរហ័សចំនួន២លានគ្រឿងពីចិន ហើយគ្រោងមកដលនៅសប្តាហ៍ក្រោយ

2021-08-11 14:52:20 |ប្រភព:វិទ្យុជាតិកម្ពុជា

​​​​  ភ្នំពេញ៖ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះក្រសួងនឹងដាក់លក់ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ (Rapid Test) ក្នុងតម្លៃដើម ២ដុល្លារតែប៉ុណ្ណោះ ដើម្បីលក់ជូនប្រជាពលរដ្ឋខណៈដែលឧបករណ៍នេះ ងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់។

  ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដល់ក្រុមអ្នកសារមានថា ពេលនេះក្រសួងប្រៃសណីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័សពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃត្រឹម២ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ការស្វែងរកមេរោគកូវីដ១៩ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាន់ពេលវេលា។

  ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឧបករណ៍នេះងាយស្រួលប្រើប្រាស់ជាងមុន   ដោយលូកតេស្តចូលរន្ធច្រមុះរាក់ៗ ហើយមានគុណភាពខ្ពស់ដដែល។

  សូមបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលាកន្លងទៅក្រសួងប្រៃសណីយ៍ ក៏បាននាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសផ្សេងផងដែរ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម៣.៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍ផងដែរ៕