ភ្នំពេញ៖សមាគមមិត្តភាពកម្ពុជា-ចិនទទួលជំនួយសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ពីសប្បុរសធម៌ចិនដើម្បីយកទៅចែកចាយបន្តនៅតាមបណ្តាខេត្តមួយចំនួនដែលជួបប្រឈមទៅនឹងជំងឺដ៏កាចសាហាវនេះ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ នៅទីស្នាក់ការកណ្តាលសមាគមមិត្តភាព កម្ពុជា-ចិន បានរៀបចំពិធី ប្រគល់-ទទួល សម្ភារបរិក្ខាវេជ្ជសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគម ដោយមានការចូលរួមពីសមាជិក សមាជិកាមានឯកឧត្តមឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វឹង) លោកជំទាវឧកញ៉ា ចាន់ សុទ្ធា និងតំណាងគណៈពង្រឹងខេត្ត និងរដ្ឋបាលខេត្តចំនួន១២ ចូលរួមទទួលមានដូចជា៖ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ មណ្ឌលគីរី ព្រៃវែង ពោធិ៍សាត់ រតនៈគីរី ស្ទឹងត្រែង ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងត្បូងឃ្មុំ។
ឯកឧត្តម ឯក សំអុលបានមានប្រសាសន៍ថា សម្ភារបរិក្ខាវេជ្ជសាស្ត្រមានដូចជា៖
ឧបករណ៍ផលិតអុកស៊ីសែន (១០លីត្រ) ចំនួន១៧គ្រឿង(oxygen concentrators
សម្រាប់ប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ, សំលៀកបំពាក់ការពារជំងឺកូវីដ១៩ ចំនួន ១០២ ឈុត, ម៉ាសវេជ្ជសាស្ត្រ ចំនួន ៤០៨០ បន្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិសប្បុរសធម៌ PUNDARIKA (善心莲心) បានបរិច្ចាគជូនសមាគមមិត្តភាព កម្ពុជា-ចិន តាមរយៈមូលនិធិសប្បុរសធម៌ចិនក្រៅប្រទេស និងសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្មជឺជាំងនៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី រួមចំណែកដល់ការថែទាំសុខភាពបន្ទាន់ជូនប្រជាជនកម្ពុជា៕