កាលពីថ្ងែទី ១៦ ខែសីហា លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកBrinken រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍នៃអាហ្វហ្កានីស្ថាននិងទំនាក់ទំនងរវាងចិននិងអាមេរិក ។
លោក Brinken បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានចូលរួមកិច្ចជំនួបដូហាស្តីពីបញ្ហាអាហ្វហ្កានីស្ថាន ។ លោកបានថ្លែងថា ស្ថានការណ៍នៃអាហ្វហ្កានីស្ថានក្នុងពេលបច្ចុប្បន្នគឺកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះមួយ ។ អង្គការតាលីបង់គួរតែបញ្ជាក់ឱ្យច្បាស់ថាបានផ្តាច់ទំនាក់ទំនងជាមួយក្រុមជ្រុលនិយម ហើយធ្វើការផ្ទេរអំណាចដោយមានរបៀបរៀបរយនិងបង្កើតរដ្ឋាភិបាលប្រកបដោយបរិយាប័ន្ន រំពឹងទុកថា ចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនេះ ។ចំណែកលោកWangYi បានអធិប្បាយពីគោលជំហររបស់ភាគីចិនស្តីពីស្ថានការណ៍នៃអាហ្វហ្កានីស្ថាន ព្រមទាំងថ្លែងថា ការពិតបានបញ្ជាក់ម្តងទៀតថា ការដែលចម្លងរូបមន្តបរទេសទាំងស្រុងដោយមិនគិតគូរពីប្រវត្តិសាស្ត្រ វប្បធម៌និងសភាពការណ៍ជាក់ស្តែងរបស់នៃប្រទេសខ្លួន ទីបំផុតគឺមិនអាចទទួលបានជោគជ័យនោះឡើយ ។