ភ្នំពេញ៖នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក Liu Zhijie ជាប្រធាន បាននាំយកសម្ភារអំណោយមានដូចជា ម៉ាស់ អាវពេទ្យ និងឧបករណ៍ចម្រោះអ៊ុកស៊ីហ្សែន ប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តចំនួន ៥ខេត្ត មានខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ក្នុងនោះ រដ្ឋបាលខេត្តសៀមរាបទទួលបានឧបករណ៍ចម្រោះអុកស៊ីហ្សែនចំនួន ៣គ្រឿង អាវពេទ្យ១៨អាវ និងម៉ាស់ចំនួន ៧២០ម៉ាស់ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះ ជំងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះ ត្រូវគោរពប្រតិបត្តិឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណ ចំពោះលោកប្រធានអគ្គកុងស៊ុលចិន ដែលតែងតែជួយនិងផ្តល់សម្ភារ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងតែឆ្លង ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះ៕