ក្រសួងកសិកម្មកំពុងបន្តការចរចា ជាមួយភាគីចិនដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់បាន

2021-08-23 13:44:40 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងកសិកម្មកំពុងបន្តការចរចាជាមួយភាគីចិន ដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់បាន ដែលជួយដល់បញ្ហាទីផ្សាររបស់កសិករ។

  ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានស្នើសុំនាំចូល មៀនប៉ៃលិនទៅកាន់ប្រទេសចិន គឺតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដោយសារបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការយឺតយ៉ាវបន្តិចបន្តួច ហើយក្រសួងកសិកម្ម ក៏បានធ្វើសំណើតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យអគ្គរាជទូតកម្ពុជាជួយទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយជាបន្តបន្ទាប់ ដើម្បីឱ្យភាគីចិនគាំទ្រដល់កម្ពុជា ។

  ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូច្នេះ គឺដើម្បីបកស្រាយជូនប្រជាកសិករពាក់ព័ន្ធនឹងការនាំចេញផ្លែមៀនប៉ៃលិនទៅក្រៅប្រទេស ខណៈដែលមានកសិករមួយចំនួនមានភាពងឿងឆ្ងល់ពីបញ្ហានេះ បន្ទាប់ពីដំណាំប្រភេទនេះ ជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ។

  ឯកឧត្តម បានបន្តទៀតថា ក្នុងបរិការណ៍នេះ ក្រសួងកសិកម្មស្នើសុំការសហការពីវិស័យឯកជន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពាក់ព័ន្ធនិងការលាងសម្អាត កំចាត់សមាសភាពចង្រៃ និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដែលជាការងារបច្ចេកទេសដ៏សំខាន់មួយ សម្រាប់កំណត់នូវភាពជោគជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមាន នូវការចុះមកពិនិត្យ និងការចុះពិនិត្យវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង ។

  សំឡេង ៖ « ប៉ុន្តែអ្វីដែលសំខាន់គឺនីតិវិធីគេនោះ គឺធ្វើមានលំដាប់លំដោយ ក្រោយពីពេលគេទទួលពាក្យស្នើសុំការនាំចេញពីកម្ពុជាទៅនោះ គឺគេត្រូវពិនិត្យមើលស្នើសុំទៅដល់ការពិនិត្យសមាសភាពចង្រៃ តើមានសត្វចង្រៃអ្វីខ្លះដែលនៅជាមួយនឹងផ្លែឈើនោះ គេត្រូវពិនិត្យហើយ ទើបគេរៀបចំឆ្លើយប្រាប់យើង ថាតើមានហានិភ័យអ្វីខ្លះ? ហើយបានគេរៀបចំមួយជំហានទៀត រឿងពាក់ព័ន្ធជាមួយនឹងការចុះមកពិនិត្យ ជាក់ស្ដែងនៅចម្ការផ្ទាល់ ហើយពិនិត្យហើយទើបគេត្រឡប់ទៅវិញគេវាយតម្លៃម្ដងទៀត ចំពោះការវាយតម្លៃនោះទន្ទឹមនឹងគេចុះពិនិត្យនោះ ក៏គេត្រូវមើលដែរថាតើវិស័យឯកជនរបស់កម្ពុជា បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរោងចក្របានប៉ុន្មានហើយឬនៅ ក្នុងការលាងសំអាត វេចខ្ចប់ ស្តុកទុក ហើយនិងដឹកជញ្ជូនចេញ » ។

  សូមបញ្ជាក់ថា ទូទាំងប្រទេសកម្ពុជាមានខេត្តចំនួន១៤បានដាំដុះដំណាំមៀនប៉ៃលិនឬតាង៉ែន ដែលមានផ្ទៃដីសរុបចំនួន១៣,៦០៨ហិកតា ក្នុងនោះមានខេត្តប៉ៃលិន ខេត្តរតនៈគិរី និងខេត្តបន្ទាយមានជ័យ ដែលដាំដុះដំណាំប្រភេទនេះច្រើនជាងគេ ហើយបច្ចុប្បន្ននេះ មៀនប៉ែលិនអាចប្រមូលផលបានលើផ្ទៃដីជាង៩០០០ហិកតា ដែលគិតជាមធ្យមអាចប្រមូលផលបាន១៦តោនក្នុង១ហិកតា មានតម្លៃ ជាមធ្យម១៨០០រៀលក្នុងមួយគីឡូក្រាម ។

  ជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោកជំទាវជាច្រើនរូបទៀត បានជួយ ប្រមូលទិញផ្លែមៀនប៉ៃលិនស្រស់ពីប្រជាកសិករ ក្នុងតម្លៃសមរម្យ ដើម្បីជួយដោះស្រាយបញ្ហាខ្វះទីផ្សារលក់របស់កសិករ៕