តំណាងនៃប្រទេសជាច្រើនបានថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា ការជ្រៀតជ្រែកខាងយោធារបស់ប្រទេសអាមេរិកជាដើមបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអាហ្វហ្គានីស្ថាន

2021-08-25 16:40:26 |ប្រភព:CRI

  ថ្ងៃ​ទី​២៤​ខែ​សីហា ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ​ពិសេស​អំពី​បញ្ហា​អាហ្វហ្គានីស្ថាន។ តំណាង​នៃ​ប្រទេស​ជា​ច្រើន ដូច​ជា​ប្រទេស​ចិន គុយបា វ៉េណេស៊ុយអេឡានិង​អ៊ីរ៉ង់​ជា​ដើម​បាន​លើកឡើង​ថា ការ​ជ្រៀត​ជ្រែក​ខាង​យោធា​របស់​ប្រ​ទេស​អាមេរិក​ជា​ដើម​បាន​នាំ​មកនូវ​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រជាជន​អាហ្វ​ហ្គានីស្ថាន។

  លោក​ChenXuតំណាង​ចិន​ប្រចាំ​ជា​អចិន្រ្តៃយ៍​នៅ​ទី​ស្នាក់​ការ​ក្រុង​ហ្សឺណែវ​អង្គការ​សហប្រជាជាតិ​និង​ជា​តំណាង​ចិន​ប្រចាំ​នៅ​អង្គការ​អន្តរជាតិ​ផ្សេងទៀត​នៅ​ស្វ៊ីសបាន​លើក​ឡើង​ថា ស្ថានការណ៍​អាហ្វហ្គានីស្ថាន​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា ប្រទេស​ចិន​គោរព​ក្តី​បំណង​និង​ជម្រើស​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន។ ភារកិច្ច​បន្ទាន់​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​ស្តារ​សន្តិភាព​ ស្ថិរភាព​និង​សណ្តាប់​ធ្នាប់​ឡើងវិញក្នុង​ពេល​ឆាប់ៗ។ សន្តិសុខ​និង​ផល​ប្រយោជន៍​របស់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​និង​ពលរដ្ឋ​បរទេស​នៅ​អាហ្វហ្គានីស្ថាន​ចាំ​បាច់​ត្រូវ​ទទួល​បាន​ការ​ធានា ហើយ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ស្ថាប័ន​ការ​ទូត​និង​បុគ្គលិក​ការ​ទូត​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​មិន​អនុញ្ញាតឱ្យ​មាន​ការ​បំពាន​នោះ​ទេ។ភាគី​ចិន​ចាប់​អារម្មណ៍​ថា អង្គការ​តាលីបង់​បាន​ថ្លែង​ជា​សាធារណៈជា​ច្រើន​លើក​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ដែល​ប្រជាជន​ត្រូវ​ប្រឈម​មុខ បំពេញ​តាម​តម្រូវ​ការ​និង​ក្តី​បំណង​របស់​ប្រជាជន ហើយ​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​មួយ​ដែល​ប្រកប​ដោយ​ភាព​បើក​ទូលាយ​និង​បរិយាប័ន្ន ព្រម​ទាំង​បាន​ប្រកាស​ថា​នឹង​លើក​លែង​ទោស​ចំពោះ​អតីត​មន្រ្តី​និង​បុគ្គលិករដ្ឋាភិបាល ក៏​ដូច​ជា​សន្យាថា នឹង​ធានា​ដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ស្ត្រី ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ឱកាស​ការងារនិង​ការ​ទទួក​បាន​ការ​អប់រំជា​ដើម។

  តំណាងវ៉េណេស៊ុយអេឡាបាន​លើក​ឡើង​ថា អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បាន​ធ្វើ​ការ​គំរាម​កំហែង​និង​ជ្រៀក​ជ្រែត​ខាង​យោធា​អស់​រយៈពេល២០ឆ្នាំ​ហើយ​ចំពោះ​អាហ្វហ្គានីស្ថាន ដែល​បណ្តាល​ឱ្យ​កើត​មាន​សកម្មភាព​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដោយ​ទ្រង់​ទ្រាយ​ធំ​និង​បាតុភូតមិន​ដាក់​ទោស​លើ​បទ​ឧក្រិដ្ឋ បាន​នាំ​មក​នូវ​ភាព​ច្របូក​ច្របល់ ការ​បំផ្លិច​បំផ្លាញ​និង​ការ​កាប់​សម្លាប់​គ្នាដល់​ប្រជាជន​អាហ្វហ្គានីស្ថាន​ដែល​បាន​បង្កជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

  តំណាង​អ៊ីរ៉ង់​បាន​ថ្លែង​ថា ការ​ជ្រៀត​ជ្រែក​ខាង​យោធា​របស់​អាមេរិក​ជា​ដើម​បាន​នាំ​មក​នូវ​ការ​បំផ្លិច​បំផ្លាញ​ ការ​ឈឺចាប់​និង​ការ​អស់​សង្ឃឹមដ៏​ច្រើន​រាប់​មិន​អស់​ដល់​អាហ្វ​ហ្គានីស្ថាន ក៏​ដូច​ជា​នាំ​មក​នូវ​ភាព​វឹក​វរ​និង​គ្រោះ​ថ្នាក់​ក្នុង​តំបន់​ អាមេរិក​ជា​ដើម​ចាំ​បាច់​ត្រូវ​រ៉ាប់​រង​ទំនួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ៕