ក្រសួងការបរទេសចិនថែ្លងថា ប្រទេសចិនសម្តែងការប្រឆាំងជាដាច់ខាតចំពោះអាមេរិកស្តីពីការដាក់ពង្រាយកម្លាំងអនុវត្តច្បាប់នៅសមុទ្រចិនខាងត្បូង

2021-08-27 20:21:25 |ប្រភព:CRI

  ក្នុង​សន្និសីទសារព័ត៌មាន​ជាប្រចាំ​របស់​ក្រសួង​ការបរទេស​ចិន​កាល​ពី​ថ្ងៃទី ​២៥ ​ខែសីហា ​មាន​អ្នកសារព័ត៌មាន​សួរថា៖ ​លោកស្រី ​Kamala ​Harris ​អនុប្រធានាធិបតី​អាមេរិក​បានអះអាង​ពី​ការ​គាំទ្រ​វៀតណាម​ឱ្យ​ធ្វើការតតាំង​ជាមួយ​ប្រទេស​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ក្នុងនោះ​បូករួមទាំង​ការ​ចាត់បញ្ជូន​នាវាចម្បាំង​អាមេរិក​កាន់​តែ​ច្រើន​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង​ផងដែរ ​។ ​សូមសួរថា ​តើ​ភាគីចិន​មាន​ការអធិប្បាយ​យ៉ាង​ដូច​ម្តេច​ចំពោះ​បញ្ហានេះ ​?​

  លោក ​Wang ​Wenbing ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងថា ​គិតមក​ទល់​បច្ចុប្បន្ន​នេះ ​អាមេរិក​នៅតែ​បដិសេធ​ចូលរួម​《អនុសញ្ញាច្បាប់​មហាសមុទ្រ​របស់​អង្គការ​សហប្រជាជាតិ》 ​ប៉ុន្តែ​បែរជា​បាន​អះអាង​ពី​ការ​គាំពារ​អនុសញ្ញា​នេះ​ទៅវិញ ​។ ​អាមេរិក​បាន​ធ្វើ​ការជ្រៀត​ជ្រែក​ខាងយោធា​យ៉ាងគឃ្លើន​ចំពោះ​អាហ្វហ្គានីស្ថាន ​អ៊ីរ៉ាក់​និង​ស៊ីរី ​ប៉ុន្តែ​បែរ​ជា​បាន​អះអាងពី​ការ​គាំពារ​ផលប្រយោជន៍​របស់​ប្រទេសតូចៗ​ទៅវិញ ​។ ​ប្រទេស​ចិន​បាន​សម្តែង​ការ​ប្រឆាំង​ជាដាច់ខាត​ចំពោះ​អាមេរិក​ស្តីពី​ការ​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង ​ក៏ដូចជា​ការ​លូកដៃ​ចូលកិច្ចការ​ក្នុង​តំបន់​និង​បំផ្លិចបំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់ ​៕​