ថ្ងៃទី ៣០ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Miguel Diaz-Canel ប្រធានរដ្ឋគុយបា។ លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនសម្គាល់ឃើញជានិច្ចថា ត្រូវគោរពសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍សង្គមដោយម្ចាស់ការរបស់ប្រទេសនានា ប្រឆាំងចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីលើប្រទេសដទៃ ប្រឆាំងចំពោះការដែលកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។ ភាគីចិននឹងបន្តគាំទ្រគុយបាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនដូចគ្រាកន្លងទៅ ដើម្បីគុយបាកសាងសង្គមនិយមដ៏រុងរឿង និងជានិរន្តរភាព គាំទ្រគុយបាធ្វើការតស៊ូប្រកបដោយសច្ចធម៌ ដើម្បីប្រឆាំងការជ្រៀតជ្រែកនៃអំណាចខាងក្រៅ គាំពារសន្តិសុខអធិបតេយ្យភាពទឹកដីនៃប្រទេសជាតិ។ ភាគីចិននឹងបន្តផ្តល់ជំនួយនិងគាំទ្រគុយបាទៅតាមលទ្ធភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺឆ្លង និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនគុយបា។ ជឿជាក់ថាគុយបានឹងអាចសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍ថ្មីនៃបុព្វហេតុសង្គមនិយមជាក់ជាមិនខាន៕