ថ្ងៃទី ៣១ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតថ្វាយព្រះអង្គម្ចាស់ Sultan Abdullah Sultan Ahmad Shah ប្រមុខរដ្ឋម៉ាឡេស៊ី ដើម្បីចូលរួមអបអរសាទរខួប ៦៤ឆ្នាំនៃទិវាឯករាជ្យជាតិម៉ាឡេស៊ី។
លោក Xi Jinping បានគូសបញ្ជាក់ក្នុងលិខិតសាទរថា ចាប់ពីទទួលបានឯករាជ្យរយៈពេល ៦៤ ឆ្នាំមក ម៉ាឡេស៊ីបានកសាងប្រទេសជាតិដោយទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ហើយបានដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិ។ ចិននិងម៉ាឡេស៊ីជាប្រទេសជិតខាងមានមេត្រីភាពជាប្រពៃណី ប្រទេសទាំងពីរបានចាប់ដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ ១៩ និងរួមគ្នាស្វែងរកការអភិវឌ្ឍ ដែលបានរួមចំណែកយ៉ាងសកម្មដល់ភាពរុងរឿងនិងស្ថិរភាពក្នុងតំបន់។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ាឡេស៊ី មានឆន្ទៈធ្វើកិច្ចខិតខំរួមជាមួយព្រះអង្គ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺឆ្លងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ម៉ាឡេស៊ី ឱ្យឡើងដល់កម្រិតថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕