ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានមានប្រសាសន៍ថាប្រទេសចិន នៅតែឈរក្នុង លំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និង ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនរើសអើង ប្រភព ថវិកាដែលផ្តល់ឱ្យ ក្នុងការអភិវឌ្ឍ វិស័យសាធារណការនោះទេ ប៉ុន្តែជំនួយនិងកម្ចីពីមិត្តចិនមិនចំណាយពេលយូរក្នុងការទទួលបាន ខុសពីប្រទេសផ្សេង។
ឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ ២០១១ឯកឧត្តមបានលើកឡើងថា ប្រទេសចិនគឺជាប្រទេសលំដាប់ទី១ដែលបានផ្តល់ប្រាក់កម្ចី ជិត ៣ ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា។កម្ចី និង ជំនួយទាំងនេះ កម្ពុជាមិនអាចខ្វះបាន និង មិនអាចពន្យារពេលទទួលបាន នោះទេ ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍ។បើទោះជាទំហំនៃការទទួលកម្ចី និង ជំនួយ ពីចិនមាន ទំហំធំយ៉ាងណាក្តីក៏កម្ពុជាមិនរើសអើងប្រភពថវិកាដែលប្រទេស និង ដៃគូអភិវឌ្ឍន៍ ចង់ផ្តល់ ឱ្យកម្ពុជានោះទេដើម្បីធ្វើយ៉ាងណាចូលរួមការអភិវឌ្ឍ និង កសាងប្រទេសឱ្យកាន់តែរីកចម្រើន។
ជាមួយនឹងការបកស្រាយបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ចំពោះ ប្រាក់កម្ចី និង ជំនួយ ដែលបានផ្តល់ឱ្យកម្ពុជាទាន់ពេលវេលា ដើម្បីមកកសាងផ្លូវ ស្ពាន នោះ កម្ពុជា នឹងទទួល ដោយមិនរង់ចាំនោះទេ ខណៈកម្ចី និង ជំនួយពី ប្រទេសខ្លះត្រូវការការសិក្សា ច្រើនឆ្នាំ ដែលកម្ពុជាមិនអាចរង់ចាំបាននោះឡើយ ។បើកម្ពុជារង់ចាំ៥ឆ្នាំ ទើបបាន ប្រាក់កម្ចី មកកសាង ផ្លូវ ឬ ស្ពាន គឺកម្ពុជាខាតបង់ច្រើនណាស់ ។ ដូច្នេះកម្ពុជាមិនដែល បដិសេធប្រាក់កម្ចីមកពីប្រភពណានោះទេ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យហេដ្ឋារចនាសម្ពន្ធនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរថាវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនឆ្នាំ ថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសចិនដោយឯកឧត្តមសង្ឃឹមថា យុវជនកម្ពុជានឹងមានឳកាសបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយនិងមានឆន្ទៈរៀនខ្លួនឯងដាក់ចិត្តដាក់កាយរៀនសូត្រឱ្យពូកែដើម្បីយកចំណេះដឹងលើវិស័យហេដ្ឋារចនាសម្ពន្ធនេះទៅបម្រើប្រទេសជាតិមាតុភូមិ៕