វ៉ាក់សាំងចិន ២លានដូសទៀតនឹងបញ្ជូនមកដល់​កម្ពុជា ដើមខែកញ្ញា នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល

2021-09-02 18:37:53 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា បើពុំមានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងប្រភេទ​ Sinovac​ ចំនួន ២លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងមកដល់កម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

  លោកជំទាវបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៩លាន ​កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

  គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងដល់ភាគីកម្ពុជាចំនួនសរុប២២.៣លានដូសហើយ ដែលក្នុងនោះ ៣.៨លានដូសគឺជាជំនួយឥតសំណង។ វ៉ាក់សាំងដូសនីមួយៗបានបង្កប់មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ ក្នុងនាមជាមិត្តដែកថែប ចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ៕