ក្រុមតំណាងប្រទេសចិនទទួលបានសមិទ្ធផលល្អនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ

2021-09-07 11:45:16 |ប្រភព:xinhua

  នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ពិធីបិទការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅលើកទី១៦បានប្រារព្ធនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

  ក្រុមតំណាងប្រទេសចិនទទួលបានមេដាយចំនួន២០៧គ្រឿង ក្នុងនេះមានមេដាយមាសចំនួន៩៦គ្រឿង មេដាយប្រាក់ចំនួន៦០គ្រឿង មេដាយសំរិទ្ធចំនួន៥១គ្រឿង។ សមិទ្ធផលនេះបានជាប់លំដាប់លេខ១ ក្នុងតារាងមេដាយមាសនិងតារាងមេដាយ។ ចំពោះកីឡាករ ពួកគេពុះពារឧបសគ្គនិងខិតខំប្រឹងប្រែដើម្បីឈ្នះមេដាយនីមួយៗ។

  នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡា Walking rapierបុរស ថ្នាក់A កីឡាករចិន លោក លី ហោ បានឈ្នះ កីឡាករអ៊ុឃក្រែន លោក ម៉ាន់កូ ទទួលបានមេដាយមាស ។ នេះជាមេដាយមាសទីមួយដែលក្រុមតំណាងប្រទេសចិនទទួលបានក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ។

  នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងការប្រកួតលើកទម្ងន់នារីកម្រិត៤១គីឡូ កីឡាករចិន កញ្ញា ហ្គ័រ លីងលីង បានបានបំបែកឯតទគ្គកម្មពិភពលោកច្រើនលើក ព្រមទាំងទទួលបានជើងឯង។

  នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូនេះ កីឡាករនៃក្រុមតំណាងប្រទេសចិនបានបង្កើតឯតទគ្គកម្មពិភពលោកក្នុងគម្រោងកីឡាច្រើនវិញ្ញាណ ដូចជា ការប្រកួតកីឡារត់២០០ម៉ែត្រ នារី ថ្នាក់ T៣៧ ការប្រកួតហែលទឹកសេរីនារី៥០ម៉ែត្រថ្នាក់ S១១ កីឡាជិះកង់ក្នុងបន្ទប់១០០០ម៉ែត្របុរសថ្នាក់ C១ ជាដើម។ គេមិនគ្រាន់តែបានចាប់អារម្មណ៍ចំពោះឯតទគ្គកម្មទាំងនេះប៉ុណ្ណោះទេ ក៏បានចាប់អារម្មណ៍លើករឿងរ៉ាវពិសេសក្នុងការប្រកួតដែរ។

  នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡារត់៤០០ម៉ែត្រ នារី ថ្នាក់ T១១ កីឡាករពិការភ្នែក កញ្ញា លាវ ឆួយឈីង ចំណាយពេល៥៦វិនាទី២៥សំរេចការប្រកួតនេះ ក្រោមការដឹកនំានៃអ្នករត់នាំមុខ លោក ស៊ូ ឌុងលីន។ ចាប់ផ្តើមពីឆ្នាំ២០១៣រហូតដល់ឆ្នាំ២០២១ អាស្រ័យលើការសហការដ៏ជិតស្និត ដៃគូនេះមានទំនុកចិត្តលើគ្នាទៅវិញទៅមក និងទទួលបានសមិទ្ធផលដ៏ល្អប្រសើរក្នុងការប្រកួតកីឡារត់ប្រណាំងនេះ​។ កញ្ញា លាវ ឆួយឈីង បាននិយាយថា៖ “លោក ស៊ូ ឌុងលីនគឺជាភ្នែករបស់ខ្ញុំ។”

  នៅថ្ងៃទី ២៧ ខែសីហា ក្នុងការប្រកួតកីឡាហែលទឹកប្រភេទមេអំបៅបុរស ៥០ ម៉ែត្រ ថ្នាក់S៥ កីឡាករពិការដៃ លោក ជេង ថោ បានបង្កើតឯតទគ្គកម្មពិភពលោក ព្រមទាំងទទួលបានមេដាយមាសដោយចំណាយពេល ៣០ វិនាទី៦២ ។ នៅពេលទទួលការសម្ភាសន៍មុខកាមេរ៉ា លោក ជឹង ថោ រំភើបចិត្ត និងប្រាប់កូនស្រីដែលមានអាយុ២ឆ្នាំ ថា៖“ កូនស្រី ទោះជាពិការដៃ ក៏ពុកអាចហែលបានលឿនដែរ។”

  កីឡាករវាយពីងប៉ុង លោក ចាវ ភីង ដែលមានអាយុ៥៦ឆ្នាំ ជាកីឡាករចិនដែលមានអាយុចំណាស់បំផុត ក្នុងការប្រកួតនេះ។ ទោះជាមិនបានទទួលមេដាយ កីឡាករនេះនៅតែពេញចិត្តចំពោះលទ្ធផលខ្លួននៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូនេះ។ លោកបាននិយាយថា៖ “ខ្ញុំចង់បង្ហាញការពឹងផ្អែកលើខ្លួងឯងរបស់មនុស្សពិការ ហើយលើកទឹកចិត្តដល់មនុស្សពិការទៅហាត់ប្រាណ និងចូលរួមក្នុងសង្គមកាន់តែច្រើន។”

  យើងបានមើលឃើញដល់ភាពក្លាហានរបស់មនុស្សពិការ ក៏បានមើលឃើញដល់ភាពសាមញ្ញរបស់ពួកគេផងដែរ។ ក្រោយពីក្តីរំភើប យើងអាចជូនការស្រឡាញ់ សមភាពនិង គោរពកាន់តែច្រើនដល់មនុស្សពិការ  ជំនួសដោយការអាណិត។ នេះគឺជាតម្លៃនៃការការប្រកួតកីឡាប៉ារ៉ាឡាំពិក។

  ការប្រកួតកីឡាប៉ារ៉ាឡាំពិកបានបង្រៀនមនុស្សស្រឡាញ់និងការអធ្យាស្រ័យគ្នាទៅវិញទៅមក។ កីឡាករពិការបានបង្ហាញភាពស្រស់ស្អាតតាមរយៈការប្រកួតកីឡាប៉ារ៉ាឡាំពិក។ វាបានធ្វើឱ្យមនុស្សបន្ថែមកាយល់ដឹងចំពោះភាពស្អាត ក៏បានផ្លាស់ប្តូរការយល់ចំពោះមនុស្សពិការផងដែរ។ យើងតែងតែផ្តោតលើភាពខ្វះខាតរបស់មនុស្សពិការ ដែលកើតចេញពីភាពខ្លះអវយវៈណាមួយ ប៉ុន្តែ យើងបានភ្លេចថា ពួកគេដូចនឹងមនុស្សសាមញ្ញ មានសមត្ថភាពរស់នៅ អាចធ្វើការងារប្រចាំថ្ងៃ ក៏មានចំណង់ចំណូលចិត្តផងដែរ។

  ការប្រកួតកីឡាប៉ារ៉ាឡាំពិកបានក្រើនរំលឹកយើងថា ៖ មនុស្សពិការមិនមែនត្រូវការការការពារពិសេសនោះទេ តែត្រូវការឱកាសនិងលទ្ធភាពកាន់តែច្រើន។

  ការប្រកួតកីឡាប៉ារ៉ាឡាំពិកបានបង្ហាញស្មារតីអូឡាំពិក ជាធនធានអប់រំអូឡាំពិកដ៏ថ្លៃថ្លា។ ការប្រារព្ធការប្រកួតកីឡាប៉ារ៉ាឡាំពិកបានបង្ហាញថា  ការគោរពដល់សិទ្ធិមូលដ្ឋាននៃមនុស្សពិការចំនួន ១២០០លាននាក់ ក៏ជាភស្តុតាងដ៏ល្អជាងគេដែលកីឡាបានផ្លាស់ប្តូរពិភពលោក។

  អ្នកបកប្រែ៖李润菁