ស្វាយស្រស់ ចេក ស្វាយចន្ទីរបស់កម្ពុជា នាំចេញទៅចិន កើនឡើងគួរឱ្យកត់សម្គាល់ ៨ខែមកនេះ

2021-09-07 16:58:23 |ប្រភព:វិទ្យុជាតិកមុពុជា

  ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤ខែកញ្ញានេះបានបង្ហោះនៅលើផេកហ្វេសបុកដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។

  កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។

  កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។

  កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕