ក្រុមហ៊ុនយូណានរបស់ចិនចង់បន្តពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាលើវិស័យផ្សព្វផ្សាយ

2021-09-07 17:03:39 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ក្រុមហ៊ុនយូណានរបស់ចិនបន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យផ្សព្វផ្សាយ រួមមានគម្រោងប្រពន្ធ័ 5G ប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គឡាងឆាន គម្រោងថ្នាលទូរទស្សន៍ជាតិជាដើម ។

  លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាង ទូរទស្សន៍ ខេត្តយូណានបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ព្រមទំាងបាននាំយកនូវអំណោយជាម៉ាស់ របាំងមុខ និងថ្នាំបុរាណចិន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន ។

  ឆ្លៀតនៅក្នុងឱកាសនោះ លោក HUANG JIANG បានគោរពថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ  ដើម្បីធ្វើឱ្យក្រុមហ៊ុនយូណាន បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។    ជាមួយនេះលោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា រួមមានគម្រោងប្រពន្ធ័ 5G ក្នុងវិស័យ ទូរទស្សន៍ និងទូរគមនាគមន៍គម្រោងប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គឡាងឆាន គម្រោងថ្នាលទូរទស្សន៍ជាតិ និងគម្រោងការថតផ្សាយ ទូរទស្សន៍ ប្រភេទHD 4K HK សម្រាប់ដំណើរការកម្មវិធីកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ។ ក្រុមហ៊ុនយូណាន ស្នើសុំឱ្យ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយជំរុញឱ្យមានកិច្ចសហការជាមួយផ្នែកពាក់ពន្ធ័របស់កម្ពុជា ដើម្បីអាចឱ្យក្រុមហ៊ុន ធ្វើបទបង្ហាញជូនពីអ្វីដែលក្រុមហ៊ុន មានក្នុងកិច្ចការថត យករូបភាពនៃទិដ្ឋភាព កីឡាស៊ីហ្គេម ក៏ដូចជាកីឡាផ្សេងៗទៀត។    

  ជាការឆ្លើយតបសម្រាប់កិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានស្វាគមន៍រាល់សំណើកិច្ចសហការនេះ ហើយពាក់ព័ន្ធគម្រោងថតផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ឯកឧត្តមរដ្ឋ នឹងជម្រាបទៅ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីអាចឱ្យក្រុមហ៊ុនយូណានបានទៅជួប និងពិភាក្សាគ្នាលើជំនាញថតផ្សព្វផ្សាយនេះ ។

      សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្តែងអំណរគុណចំពោះ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាង ទូរទស្សន៍ខេត្តយូណាន ដែលបានជួយឧបត្ថម្ភម៉ាស់ ចំនួន ១ម៉ឺន៥ពាន់ម៉ាស់ របាំងមុខចំនួន៤រយ ព្រមទាំងថ្នាំចិន LIAN HUA QINGWEN ចំនួន ២០០ប្រអប់ ដើម្បីចែកជូនមន្ត្រីរាជការក្រសួងព័ត៌មាន ៕