ថ្ងៃទី ៩ ខែកញ្ញា លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើលិខិតជូនលោកKim Jong-un អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី ៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង។
ថ្លែងក្នុងលិខិត លោកស៊ីជីនភីងបានលើកឡើងថា ក្នុងអំឡុងពេល ៧៣ ឆ្នាំក្រោយពីបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើងមក បក្សពលករកូរ៉េខាងជើងបានសាមគ្គីនិងដឹកនាំប្រជាជនកូរ៉េខាងជើងធ្វើការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីជំរុញបុព្វហេតុសង្គមនិយមឱ្យទទួលបានសមិទ្ធផលដ៏ធំធេង។ ក្នុងនាមជាសមមិត្តនិងមិត្តភក្តិ ប្រទេសចិនមានក្តីសោមនស្សរីករាយយ៉ាងស្មោះចំពោះប្រការនេះ ហើយជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមុតមាំរបស់មជ្ឈិមបក្សពលករកូរ៉េខាងជើងដែលមានលោកអគ្គលេខាធិការជាប្រមុខ ប្រជាជនកូរ៉េខាងជើងដែលរួមសាមគ្គីគ្នានិងឧស្សាហ៍ព្យាយាម ប្រាកដជាអាចកសាងប្រទេសបានកាន់តែល្អជាមិនខាន ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើងឆ្លងកាត់ពេលវេលាកាន់តែយូរមានភាពកាន់តែរឹងមាំ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ភាគីទាំងពីរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង ហើយរីករាយរួមជាមួយលោកអគ្គលេខាធិការKim Jong-un ជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពនិងយូរអង្វែង ក៏ដូចជាឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ផងដែរ សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ៕