នៅថៃ្ងទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាបានធ្វើជាសហអធិបតីក្នុងពិធីប្រគល់និងទទួលគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនដល់ប្រទេសកម្ពុជានៅរាជធានី ក្រុង ភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាដោយលើកយកការពិតជាក់ស្តែងជាច្រើនមកសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាបងប្អូនដែលមានការជឿទុកចិត្តគ្នានិងអាចពឹងផ្អែកបានបំផុតរបស់កម្ពុជា ហើយកម្ពុជានិងចិនបានក្លាយជាមិត្តដែកថែបយ៉ាងពិតប្រាកដ ។ ការសាងសង់រួចរាល់នូវពហុកីឡដ្ឋានជាតិនេះ គឺជាសមិទ្ធផលជាផ្លែផ្កាដ៏អស្ចារ្យថែមទៀតនៃចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនដែលមានអំណោយផលដល់ការអភិវឌ្ឍបុព្វហេតុកីឡានៃប្រទេសកម្ពុជានិងការផ្សាយទូលាយវិស័យកីឡាសាធារណៈនៅទូទាំងប្រទេសកម្ពុជា ហើយវាក៏នឹងក្លាយជាទីតាំងសំខាន់សម្រាប់កម្ពុជារៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ផងដែរ ។ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះបក្សកុម្មុយនិស្តចិន រដ្ឋាភិបាលចិននិងប្រជាជនចិន ។
ចំណែកលោក Wang Yi ក៏បានថ្លែងសុន្ទរកថាខ្លីដោយលើកឡើងថា រដ្ឋាភិបាលនិងប្រជាជនចិននិងកម្ពុជាគួរតែធ្វើការខិតខំប្រឹងប្រែងរួមដើម្បីដឹកនាំនាវាយក្សនៃសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាឱ្យធ្វើដំណើរទៅកាន់អនាគតកាន់តែភ្លឺស្វាង ក៏ដូចជាស្វាគមន៍នូវអនាគតកាន់តែល្អបវរ ៕