ថ្ងៃទី១៣ ខែកញ្ញា កិច្ចសន្ទនារវាងគណបក្សនយោបាយចិននិងអាមេរិកលើកទី១២ បានបើកធ្វើតាមប្រព័ន្ធវីដេអូ ។ កិច្ចសន្ទនាលើកនេះសហការរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាមួយបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋរបស់អាមេរិក ។
ថ្លែងក្នុងសុន្ទរកថា លោក Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិកបានសន្ទនាតាមទូរស័ព្ទម្តងទៀត ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកនៅពេលអនាគត ។ ភាគីទាំងពីរចិននិងអាមេរិក គួរតែអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសន្ទនា និងដើរទៅកាន់ទិសដៅតែមួយ ក្នុងន័យបង្កើតលក្ខណសម្បតិ្តល្អប្រសើរដើម្បីធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរអាចវិលទៅកាន់ផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវវិញ ។
ជាការឆ្លើយតប តំណាងនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋរបស់អាមេរិកបានថ្លែងថា ទំនាក់ទំនងរវាងអាមេរិកនិងចិន ជាទំនាក់ទំនងទ្វេភាគីដែលសំខាន់ជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ មួយរយៈពេលកន្លងមក ទំនាក់ទំនងរវាងអាមេរិកនិងចិនបានឆ្លងកាត់គ្រាដ៏លំបាក ប៉ុន្តែប្រទេសទាំងពីរនៅតែមានផលប្រយោជន៍រួមជាច្រើនដដែល ដូច្នេះ ត្រូវធ្វើកិច្ចសន្ទនាជាន់ខ្ពស់ឱ្យបានកាន់តែច្រើន ក្នុងន័យបង្កើនទំនុកចិត្តនិងជំរុញកិច្ចសហប្រតិបតិ្តការ ដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន ក៏ដូចជារួមគ្នាទប់ទល់នឹងការប្រឈមជាសកល ៕