ទស្សនកិច្ចរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១របស់ឯកឧត្តម វ៉ាងយីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់និងបានឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។ ក្នុងឱកាសទស្សនកិច្ចនេះបានសម្រេចលើលទ្ធផលធំៗមួយចំនួនរួមមានការចុះហត្ថលេខាលើឯកសារសំខាន់សំខាន់ចំនួន០៦ដែលក្នុងនោះក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២៧០លានដុល្លារអាមេរិក ពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោជាសំណង់មហាសាលជាជំនួយរបស់ចិនជូនដល់កម្ពុជាដែលមានតម្លៃដល់ទៅ១៥០លានដុល្លារអាមេរិក និងការសម្រេចផ្តល់បន្ថែមទៀតទៅលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៣លានដូស ។
សម្តេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ថា មិត្តភាពដែកថែបកម្ពុជាចិនគឺមានន័យថា មិត្តដែលទុកចិត្តគ្នាគ្មានទីលំនៅរង្គោះរង្គើទោះបីត្រូវទទួលសម្ពាធពីអ្នកណាក៏ដោយដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្របខ័ណ្ឌ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងមិត្តភាពកម្ពុជាចិនមិនមែនបង្កើតឡើងដោយចៃដន្យនោះទេ ចំណងមិត្តភាពនេះមានតាំងពីបុរាណរាប់ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងការទូតកម្ពុជាចិនបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ១៩៥៨ក្រោមព្រះរាជតម្រិះរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះបរមរតនកោដ្ឋជាមួយមេដឹកនាំជាន់ខ្ពស់ចិនកាលពីជំនាន់នោះ។
នៅ២០១០ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងការទូតដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ២០១៨ប្រទេសទាំងពីរបាន កសាងនៅសហគមន៍មួយជោគវាសនាតែមួយដែលធ្វើឲ្យទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត នឹងក្លាយជាចំណងមិត្តភាពដែកថែប។
ទំនាក់ទំនងកម្ពុជាចិននាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឈរលើគោលការណ៍ជឿជាក់គ្នាយោគយល់គ្នាគោរពគ្នាទៅវិញទៅមក ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងឈរលើមូលដ្ឋាន ឈ្នះឈ្នះ។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសនៅតាមផ្លូវសូត្រសមុទ្រសតវត្ស២១រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវដែលស្នើឡើងដោយឯកឧត្តម ស៊ីជីនពីង ប្រធានាធិបតីចិន ។ ក្នុងគំនិតផ្ដួចផ្ដើមនេះ ប្រទេសចិនបានបង្កើតមូលនិធិផ្លូវសូត្រមានទឹកប្រាក់៤០លានដុល្លារនិងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមានទឹកប្រាក់១០០ពាន់លានដុល្លារ ហើយ កម្ពុជាសង្ឃឹមជឿជាក់ថា គំនិតផ្ដួចផ្ដើមនេះបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ចនិងធនធានមនុស្សនៅកម្ពុជា។
កាលពីខែមេសាឆ្នាំ២០១៩សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅសាធារណរដ្ឋប្រជាមានិតចិន។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកត់សម្គាល់ថាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាមានគោលដៅនិងអាទិភាពដូចគ្នា ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់។
គម្រោងសហប្រតិបត្តិការក្នុងគំនិតផ្ដួចផ្ដើមនេះ សុទ្ធតែបានផ្សារភ្ជាប់ជាមួយផែនការ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាយុទ្ធសាស្រ្តដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជានិងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ សក្ខីកម្មច្បាស់លាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវគឺជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាគម្រោងវិនិយោគដ៏ធំរបស់ចិន។
នៅមានគម្រោងវិនិយោគធំៗជាច្រើនទៀត ក្នុងនោះក៏មានការដ្ឋានកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចម្ងាយ១៩០គីឡូម៉ែត្រចំណាយទុនសរុបជាង២០០០លានដុល្លារដែលនឹងក្លាយជាកម្លាំងចលករក្នុងការជំរុញទំហំសេដ្ឋកិច្ចកម្ពុជានិងបង្កើនការតភ្ជាប់ក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ មិត្តចិនបានជួយកសាងផ្លូវគមនាគមន៍ប្រវែងជាង២ពាន់គីឡូម៉ែត្រតភ្ជាប់ផ្ទៃក្នុង នៃប្រទេសកម្ពុជាទៅកាន់បណ្ដាប្រទេសជិតខាង, ការកសាងទំនប់វារីអគ្គិសនីចំនួន៧មានទំហំទឹកប្រាក់ប្រមាណ១០០០ពាន់លានដុល្លារអាមេរិកដើម្បីចែកចាយថាមពលអគ្គិសនីដល់ប្រជាជនប្រើប្រាស់តាមបណ្ដាខេត្តក្រុងក្រោមទាំងបណ្តាសមិទ្ធផលជាច្រើនទៀត។
រហូតមកដល់បច្ចុប្បន្ននេះកម្ពុជា និងចិនទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនហើយប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីមួយនិងជាប្រភពទុនបរទេសធំបំផុតរបស់កម្ពុជា ។ ហិរញ្ញប្បទានឥតសំណងរបស់ចិនចំពោះកម្ពុជាពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨មានចំនួន៣៦០០ លានយ័ន។ ចិនបានបន្តជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតចំនួន៤០០០លានយ័នស្មើនឹង៦០០លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំគឺពីឆ្នាំ២០១៩ដល់២០២១។
យោងលើសក្ខីភាពជាក់ស្តែងនេះយើងសង្ឃឹមយ៉ាងមុតមាំថាចំណងមិត្តភាពដែកថែបកម្ពុជាចិននៅតែរឹងមាំស្ថិតស្ថេរជាអមតៈហើយផ្ដើមចេញពីនេះប្រទេសយើងទាំងពីរនឹងទទួលបានលើសារៈប្រយោជន៍យ៉ាងធំធេងថ្មីៗជាច្រើនទៀតនៅពេលអនាគត ៕