គ្រូបង្រៀនជនបទបានបំភ្លឺផ្លូវអនាគតរបស់ក្មេងៗនៅក្នុងជនបទ

2021-09-14 17:49:38 |ប្រភព:xinhua

  ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គឺជាទិវាគ្រូបង្រៀនលើកទី៣៧នៃប្រទេសចិន។ មានគ្រូបង្រៀនជនបទជាច្រើនដែលបានយកចិត្តទុកដាក់លើការបង្រៀន រួមចំណែកក្នុងការអប់រំ បំភ្លឺអនាគតរបស់ក្មេងៗនៅក្នុងជនបទ។ សូមជូនពរគ្រូបង្រៀនទាំងអស់ឲ្យមានសុខភាពល្អ ។ រីករាយទិវាគ្រូបង្រៀន!

  នៅឆ្នាំ១៩៨០ អ្នកគ្រូ សី យួយីង ដែលមានអាយុ ១៩ឆ្នាំ បានមកដល់ឃុំចាវសៀង ស្រុកហ្វូងស៉ាន ខេត្តជាំងស៊ី ដើម្បីធ្វើជាគ្រូបង្រៀន។ លក្ខខណ្ឌបង្រៀននៅតំបន់ភ្នំពិតជាពិបាកណាស់ ប៉ុន្តែអ្នកគ្រូបានប្រកាន់ការបង្រៀនខ្ជាប់ខ្ជួន ដោយសារកូនសិស្សនៅតំបន់ភ្នំមានគោលបំណងចង់ក្រេបចំណេះដឹង។ ៤១ឆ្នាំកន្លងផុតទៅ កូនសិស្សជាច្រើនបានចាកចេញពីតំបន់ភ្នំ ហើយអ្នកគ្រូ សី យួយីង ក៏បានប្រែក្លាយពី ”បងស្រី”ទៅជា”លោកយាយ”មួយរូប។

  នៅឆ្នាំ១៩៩៧ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លោក ម៉ា ជាំងហ្គ័រ ដែលមានស្រុកកំណើតនៅខេត្តសានតុង បានធ្វើជាគ្រូបង្រៀនជនបទមួយនៅក្នុងស្រុកមូហ៊ឹ ខេត្តហីឡុងជាំង។ ២០ឆ្នាំកន្លងផុតទៅ លោកគ្រូ ម៉ា ជាំងហ្គ័របាននិយាយថា៖  “ខ្ញុំសង្ឃឹមថា មានមនុស្សកាន់តែច្រើនអាចរួមចំណែកក្នុងវិស័យអប់រំ ធ្វើឲ្យអនាគតក្មេងៗដែលបានរស់នៅព្រំដែននៃប្រទេសចិនកាន់តែភ្លឺស្វាង។”

  អ្នកគ្រូ លី យ័នហ្វាង ដែលមានអាយុ៤៧ឆ្នាំ ជាអ្នកភូមិចាំងស៊ាង ឃុំត៊ាងជឺ ស្រុកហ្វូតែ ក្រុងហួយណាន ខេត្តអានហួយ។ នៅឆ្នាំ១៩៩៨ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ អ្នកគ្រូបានត្រឡប់មកស្រុកកំណើតវិញ ធ្វើជាគ្រូបង្រៀនជនបទមួយនៅក្នុងសាលាបឋមសិក្សាចាំងស៊ាង។ ដោយសារជំងឺគ្រុនស្វិតដៃផង អ្នកគ្រូត្រូវប្រើឈើច្រត់ក្នុងពេលបង្រៀន។ ប៉ុន្តែ អ្នកគ្រូប្រកាន់ខ្ជាប់គោលការណ៍ ហើយឈរបណ្តើរបង្រៀនក្មេងៗបណ្តើរ។ លោកស្រី លី យ័នហ្វាងបាននិយាយថា៖“ខ្ញុំចង់ធ្វើជាថ្មតូចមួយសំរាប់កសាងផ្លូវដែលដឹកនាំក្មេងនៅក្នុងជនបទទៅកាន់អនាគតដ៏ត្រចះត្រចង់និងជីវភាពដ៏មានសុភមង្គល។”

  សាលាភីងយូដែលមានទីតាំងស្ថិតក្នុងភូមិសូងបៃ ឃុំបោជីង ស្រុកចឹងយ៉ាន់ មណ្ឌលស្វយ័តជនជាតិម៉ៅជនជាតិតុងភាគអាគ្នេយ៍នៃខេត្តគួយចូវ ត្រូវបានគ្រប់គ្រងដោយប្តីប្រពន្ធមួយគូ។ ប៉ុន្មានឆ្នាំនេះ លោក ផាន ចូងយូង និង លោកស្រី ចូ មូឆូន បានចាក់ទុកសាលាជាផ្ទះខ្លួន ហើយទទួលខុសត្រូវលើការងារនានានៃសាលា ដូចជាបង្រៀនប្រចាំថ្ងៃ ការគ្រប់គ្រងបញ្ហាសុវត្ថិភាព ការចំអិនអាហារមានជីវជាតិដល់សិស្សជាដើម។

  អ្នកបកប្រែ៖李润菁