កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០២១ វ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ ចំនួន៣លានដូសបន្ថែមទៀត ត្រូវបានបញ្ជូនមកដល់កម្ពុជា។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញទៅទទួលវ៉ាក់សាំងផ្ទាល់ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គួរបញ្ជាក់ថា ចិនបានផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា មានចំនួនសរុប៣២.៨លានដូសហើយ គិតត្រឹមព្រឹកថ្ងៃទី២៨ កញ្ញា ២០២១ មានទាំងជាជំនួយឥតសំណង និងការបញ្ជាទិញ។
លោកជំទាវបានបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនដល់ប្រជាពលរដ្ឋ ដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងមិត្តចិន ដែលបានផ្គត់ផ្គង់ និងផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ ជូនដល់កម្ពុជា ទាន់ពេលវេលា។
គួរបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន មានវ៉ាក់សាំងសរុប ចំនួនជាង៣៥លានដូសហើយ ដោយក្នុងនោះ វ៉ាក់សាំងដែលកម្ពុជាចាក់ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺជាវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម៕