ភ្នំពេញ ៖វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសដែលបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាបន្ថែមទៀតហើយនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបន្តចាក់ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ និងធ្វើជាដូសជំរុញ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការមកដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាបន្តបន្ទាប់នេះមានសារៈសំខាន់ណាស់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈដែរ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺដ៏កាចសាហាវនេះនេះ។
លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយចៀសឆ្ងាយពីជំងឺកូវីដ១៩នេះ ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ។ វ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន និងកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា គឺកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ដែលជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញានេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន ៣២លាន៥សែនដូស រួមមានទាំងការបញ្ជាទិញនិងជំនួយ ពីបណ្តាប្រទេសជាមិត្ត ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងការបង្កើនភាពសុំាក្នុងសហគមន៍ ៕