ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនិងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយឯកឧត្តមចាវឃើជីសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិននាល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១តាមប្រព័ន្ធវីដេអូសន្និសីទ។ កិច្ចប្រជុំនិងពិធីចុះហត្ថលេខានោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាជាច្រើនទៀត។
សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមចាវឃើជីសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបានសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានរួមចំណែកនាំមកនូវវឌ្ឍនភាពនិងការអភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចក្រឡាហោមសខេងនិងឯកឧត្តមចាវឃើជីក៏បានថ្លែងនូវការកោតសរសើរទៅវិញទៅមកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរក្នុងការថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញដែលបង្កឡើងដោយជំងឺកូវីដ-១៩។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផលនិងសមិទ្ធផលសំខាន់ៗនារយៈពេលជាង២ឆ្នាំកន្លងមកបន្ទាប់ពីការចាប់ផ្តើមដំណើរការអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរកាលពីខែមីនាឆ្នាំ២០១៩ក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងឯកឧត្តមស៊ីជីនភីង ប្រធានរដ្ឋចិន។
ទន្ទឹមនឹងនេះ សម្តេច ស ខេង និងភាគីចិនក៏បានចែករំលែកនិងផ្លាស់ប្តូរទៅវិញទៅមក នូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ១៩ ការជួយឧបត្ថម្ភ គាំទ្រទាំងផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេស កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ដោយមើលឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ សម្តេច ស ខេង និង ឯកឧត្តម បានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ដោយក្នុងនោះ បានឯកភាពបន្តផ្តោតការយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់។ បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ តាមការគ្រោងទុក ក្នុងនោះ រួមមាន ការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា Sea Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗ ដទៃទៀត ដែលប្រារព្ធធ្វើ នៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕