ថ្ងៃទី៧ ខែតុលា គណៈកម្មាធិការទីបីនៃមហាសនិ្នបាតអង្គការសហប្រជាជាតិបានបើកធ្វើការជជែកពិភាក្សាជាទូទៅ ។ ថ្លែងក្នុងសុន្ទរកថា លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងពីសមិទ្ធផលនៃការអភិវឌ្ឍសិទ្ធិមនុស្សរបស់ប្រទេសចិន ហើយបានគូសបញ្ជាក់ថា ការគាំទ្រពីសំណាក់ប្រជាជនជាទីបង្អែកដ៏ធំបំផុតរបស់ប្រទេសចិនក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលមានលក្ខណៈពិសេសរបស់ខ្លួន ការបោះជំហានទៅមុខរបស់ចិននឹងមិនបញ្ឈប់ដោយសាររងការរំខានពីខាងក្រៅឡើយ ហើយក៏បដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ដែលគ្មានហេតុផលពីប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើម និងសូមដាស់តឿនអាមេរិកឱ្យត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញដើម្បីធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការក្នុងបញ្ហាសិទ្ធិមនុស្ស ។
លោក Zhang Jun បានគូសបញ្ជាក់ថា ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនចិន ជាសិទ្ធិមនុស្សល្អបំផុត ។ ប្រទេសចិនបានដោះស្រាយបញ្ហាក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រ សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រស្របតាមរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ មុនកាលកំណត់១០ឆ្នាំ ។ ប្រទេសចិនប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង និងតម្កល់ទុកអាយុជីវិតជាចម្បង ដែលបានទទួលសមិទ្ធផលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ព្រមទាំងបានផ្តល់វ៉ាក់សាំងនិងវត្ថុធាតុដើមនៃវ៉ាក់សាំងចំនួន១២០០លានដូសដល់ប្រទេសជាង១០០និងអង្គការអន្តរជាតិ ដែលបានឈរនៅលំដាប់ទីមួយនៅលើពិភពលោក ។ ការស្ទង់ប្រជាមតិនៃប្រទេសប៉ែកខាងលិចបានបង្ហាញថា អត្រាពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលចិនគឺលើសពី៩០ភាគរយ ។
លោក Zhang Jun បានថ្លែងទៀតថា ប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើម បានទទូចបង្កការបដិបក្ខនៅគណៈកម្មាធិការទីបីនៃមហាសនិ្នបាតអង្គការសហប្រជាជាតិ ដោយបានចោទប្រកាន់ពីសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត តែបែរជាមិនអើពើនឹងកំណត់ត្រាសិទ្ធិមនុសុ្សដ៏អាក្រក់របស់ខ្លួននិងប្រទេសជាសម័្ពន្ធមិត្ត ។ ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលនិងប្រជាជនចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាត និងបដិសេធយ៉ាងម៉ឺងម៉ាត់ ។ ការចោទប្រកាន់របស់ពួកគេមិនសមស្របនឹងការពិតជាក់ស្តែង ក៏ដូចជាផ្ទុយនឹងភាពយុត្តិធម៌និងចរន្តអភិវឌ្ឍន៍របស់ពិភពលោក ។
សូមបញ្ជាក់ថា នៅថ្ងៃដដែល ប្រទេសអេហ្ស៊ីប អាល់ហ្សេរី ឆាដ តួកមេនីស្ថាន បេឡារុសនិងវ៉េណេស៊ុយអេឡាជាដើមបានថ្លែងសុន្ទរកថាសម្តែងការគាំទ្រដល់ប្រទេសចិន ព្រមទាំងឆ្លើយតបនឹងគោលជំហររបស់ចិនផងដែរ ៕