ថ្ងៃទី ១៨ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោកស៊ី ជីនភីង អគ្គលេខាធិការបក្ស ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលសំខាន់ៗក្នុងការតស៊ូនិងបទពិសោធន៍ប្រវត្តិសាស្រ្តរបស់បក្សរយៈពេលមួយសតវត្ស ។
កិច្ចប្រជុំបានសម្រេចថា សន្និសីទពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ នឹងបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ៨ ដល់ទី ១១ ខែវិច្ឆិកា។ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានស្តាប់របាយការណ៍អំពីស្ថានភាពនៃការប្រមូលមតិយោបល់ក្នុងក្របខ័ណ្ឌទាំងក្នុងនិងក្រៅបក្សចំពោះសេចក្តីព្រាងច្បាប់នៃ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីសមិទ្ធផលសំខាន់ៗក្នុងការតស៊ូនិងបទពិសោធន៍ប្រវត្តិសាស្រ្តរបស់បក្សក្នុងរយៈពេលមួយសតវត្ស» ព្រមនិងសម្រេចថា ក្រោយពីធ្វើវិសោធនកម្មដោយយោងតាមមតិយោបល់នៃការពិគ្រោះពិភាក្សាក្នុងកិច្ចប្រជុំលើកនេះ នឹងដាក់ជូនសន្និសីទពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ពិនិត្យពិភាក្សា។
កិច្ចប្រជុំបានសម្គាល់ឃើញថា ការប្រមូលមតិយោបល់លើកនេះបានបង្ហាញនូវប្រជាធិបតេយ្យនិងទទួលបានប្រសិទ្ធភាពល្អ ដែលបានស្តាប់មតិយោបល់និងសំណើយ៉ាងទូលំទូលាយរបស់បណ្តាភាគីទាំងក្នុងនិងក្រៅបក្ស ។ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំសំណេះសំណាលជាមួយឥស្សរជនក្រៅបក្ស ដើម្បីស្តាប់ដោយផ្ទាល់នូវមតិយោបល់របស់អ្នកទទួលខុសត្រូវនៃបក្សប្រជាធិបតេយ្យ សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនដែលមិនចូលបក្សសម្ព័ន្ធ ៕