ពិធីប្រគល់រងើកភ្លើងនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបញ្ចប់ដោយជោគជ័យ

2021-10-20 16:10:22 |ប្រភព:CRI

  ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០២១​ គណៈកម្មាធិការ​កីឡាអូឡាំពិក​ប្រទេស​ក្រិក​បាន​ប្រគល់​ជាផ្លូវការនូវរងើក​ភ្លើង​នៃការប្រកួត​កីឡាអូឡាំពិក​រដូវ​រងារ​ក្រុង​ប៉េកាំងជូនចំពោះគណៈកម្មាធិការ​កីឡាអូឡាំពិក​រដូវរងារក្រុង​ប៉េកាំង​នៅ​កីឡាដ្ឋាន​​​Panathinaikoនៅក្រុង​Athensរាជធានីប្រទេសក្រិក។ ​លោកPanagiotis Pikrammenos​ ឧបនាយករដ្ឋមន្រ្តី​​ក្រិក​ ប្រធានគណៈកម្មាធិការ​កីឡាអូឡាំពិក​ប្រទេសក្រិកនិងលោក​ Yu Zaiqing ​តំណាង​ពិសេស​នៃ​គណៈកម្មាធិការ​កីឡាអូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​និងជា​អនុប្រធាន​គណៈកម្មាធិការកីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងបាន​រួមគ្នា​ចូល​រួម​ពិធី​ប្រគល់រងើក​ភ្លើង​​នៅ​ថ្ងៃ​ដដែល​។

  ពិធីនេះបានចាប់ផ្តើមប្រារព្ធធ្វើនៅម៉ោង ១២ ថ្ងៃត្រង់ គប់​ភ្លើងត្រូវ​​បាន​ប្រគល់​ឱ្យ​មនុស្ស​៣នាក់តៗគ្នា​​ក្នុង​កីឡាដ្ឋាន​ ក្នុង​នោះ​អ្នក​កាន់​គប់​ភ្លើង​ទី​២​គឺ​ជា​អ្នក​នាង ​Li Nina អត្តពលិក​ប្រទេស​ចិន​។

  ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធីលើកនេះ លោក Yu Zaiqing​ អនុប្រធានគណៈកម្មាធិការកីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងបានលើកឡើងថា​​ ថ្ងៃ​ទី​៣០​ខែ​មីនា​ ឆ្នាំ​២០០៨ ប្រទេស​ចិនបាន​ទទួល​យក​រងើក​ភ្លើងនៃ​ការប្រកួតកីឡាអូឡាំពិក​ក្រុង​ប៉េកាំង​​នៅ​ទីនេះ ហើយបានរួម​ជាមួយ​ប្រជាជន​ពិភពលោក​រៀប​ចំ​ធ្វើការ​ប្រកួតកីឡាអូឡាំពិក​ដ៏​អស្ចារ្យមួយ។ ថ្ងៃ​​នេះ​ ប្រទេស​ចិនបានទទួល​យករងើកភ្លើងនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទៀត  រងើក​ភ្លើង​ដែល​ប្រកបដោយ​ស្មារតី​អូឡាំពិក​នឹងបញ្ចេញពន្លឺ​មិត្តភាពនិង​សន្តិភាព​នៅ​ទឹក​ដី​ប្រទេស​ចិន​ម្តងទៀត។

  ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកប្រទេសក្រិកបាន​ថ្លែងថា​ ក្រុង​ប៉េកាំង​បាននិងកំពុង​បង្កើត​ប្រវត្តិសាស្រ្ត​ដែលក្លាយជាទីក្រុងទីមួយដែលធ្វើជាម្ចាស់ផ្ទះក្នុង​ការ​ប្រកួតកីឡាអូឡាំពិករដូវក្តៅនិងការប្រកួតកីឡាអូឡាំពិករដូវរងា។ យើងខ្ញុំ​រីករាយ​ណាស់​ដែល​អាច​ប្រគល់​រងើក​ភ្លើង​នៃកីឡាអូឡាំពិកជូនចំពោះប្រទេស​ចិន​នៅ​ទី​នេះ​ ដោយសារតែ​ប្រទេស​ក្រិក​ក៏​ក្លាយ​ជាផ្នែក​មួយ​នៃ​ប្រវត្តិសាស្រ្ត​នេះផងដែរ៕