ភ្នំពេញ៖ អង្គការ YUNDI មន្ទីរពេទ្យបេះដូងFuwai ព្រមទាំងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង នៅក្នុងខេត្តកណ្តាល។
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពទឹកវិល ខេត្តកណ្តាល មានរៀបចំកម្មវិធីជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង។
លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិលបានជម្រាបជូនដល់អង្គជំនួបដែលមានគ្រូពេទ្យចំនួន២០រូបដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពទឹកវិល និងបណ្តាមណ្ឌលសុខភាពក្នុងស្រុកស្អាង ខេត្តកណ្តាលថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែ ពីជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ដែលបានរៀបចំឡើងដោយអង្គការYUNDI មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោកបានយកពុទ្ធិនិងបទពិសោធន៍ទាំងនេះមកចែករំលែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទឹកវិល។ លោកបន្ថែមថា ជំនួបនាថ្ងៃនេះគឺ ដើម្បីបំពេញបន្ថែម និងជាការចូលរួមចំណែកបង្កើននូវបរិមាណធនធានចំណេះដឹងលើការយល់ដឹងកាន់តែស៊ីជម្រៅពីការបង្ការ និងការព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងសម្រាប់អ្នកដែលមានអាយុ ចាប់ពី៣៥ដល់៦៩ឆ្នាំ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានជម្រាបបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក សមាគមបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពមួយចំនួនបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធ Online ជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន ហើយសមាគមតែងតែលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានបញ្ចប់ការសិក្សារយៈពេលខ្លី និងវែងពីក្រុមគ្រូពេទ្យជំនាញរបស់ចិនបន្តការចែករំលែក និងពង្រឹងនូវពុទ្ធិនិងបទពិសោធន៍ ដែលទទួលបានដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន។ លើសពីនេះ តាមរយៈអង្គការ YUNDI សមាគមតែងបានស្នើសុំឱ្យមន្ទីរពេទ្យបេះដូង FUWAI ផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យកម្ពុជា ទៅបំពេញបេសកកម្ម និងចុះកម្មសិក្សាដោយផ្ទាល់ នៅតាមមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន និងបណ្តាមន្ទីរពេទ្យនានានៅក្នុងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបរកែវ ខេត្តរតនគិរីក៏ទទួលបានឱកាសនេះហើយបានបន្តក្នុងនាមជាគ្រូឧទ្ទេសដោយពាំនាំយកនូវពុទ្ធិនិងបទពិសោធន៍ពីមិត្តចិនមកចែករំលែកនៅនឹងមូលដ្ឋានដែលខ្លួនបំពេញការងារផងដែរ៕