លោក Li Keqiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៤

2021-10-27 15:51:17 |ប្រភព:CRI

  រសៀល​ថ្ងៃទី​២៦ ខែតុលា លោក Li Keqiang នាយក​រដ្ឋមន្ត្រីចិន​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​ចិន​-អាស៊ាន​លើក​ទី​២៤នៅវិមានសភា​ប្រជាជន​ចិន​ ។ កិច្ច​ប្រជុំ​លើក​នេះ​មាន​វត្តមាន​របស់​ព្រះចៅស៊ុលតង់Haji Hassanal Bolkiah​នៃ​ប្រទេស​ប្រ៊ុយណេ​ដែល​ជា​ប្រធាន​ផ្លាស់​វេននៃសមាគមអាស៊ាន និង​អ្នក​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ​និង​វៀតណាម​ ។ លោក Li Keqiang និង​ព្រះចៅស៊ុលតង់Haji Hassanal Bolkiah បាន​ធ្វើ​ជា​សហ​អធិបតីក្នុ​ងកិច្ច​ប្រជុំលើកនេះ ។ កិច្ច​ប្រជុំ​លើក​នេះ​បាន​ប្រារព្វ​ធ្វើ​តាម​ប្រព័ន្ធវីដេអូ ។

  ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ លោក Li Keqiang បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​យ៉ាង​ម៉ឺងមាត់​មិន​ងាករេ ។ ការ​រក្សាសន្តិភាព​នៅសមុទ្រ​ចិន​ខាង​ត្បូង​ វាសមស្រប​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រទេសចិន​និង​ប្រទេស​អាស៊ាន ។ ឆ្នាំ​ក្រោយ​ជា​ខួប​ទី​២០ នៃ​ការ​ចុះហត្ថលេខាលើ​ «សេចកី្តប្រកាសប្រតិបតិ្ត​នៃ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង» ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេស​អាស៊ាន​ ចាត់​ទុក​ឆ្នាំ​ក្រោយ​ជា​កា​លា​នុវត្តភាព​មួយ ក្នុ​ងន័យ​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​តាម​សមុទ្រ ពន្លឿន​ដំណើរ​ធ្វើ​ការ​ពិគ្រោះពិភាក្សា​គ្នា​ ដើម្បី​ឈាន​ដល់​ “ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង”ក្នុង​ពេលឆាប់ៗ ។

  លោក Li Keqiang បាន​លើកឡើង​ថា ប្រទេស​ចិនចាត់​ទុក​អាស៊ាន​ជាទិស​ដៅ​អាទិ​ភាព​នៃ​កិច្ច​ការទូតរបស់ខ្លួន ជា​និច្ច​កាល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​កសាង​សហគមន៍​អាស៊ាន​យ៉ាង​មុត​មាំ ផ្តល់ការ​គាំទ្រ​ដល់​តួនាទី​ជា​ស្នូល​របស់​សមាគមអាស៊ាន​ក្នុ​ងរចនាសម័្ពន្ធ​ក្នុង​តំបន់យ៉ាង​មុត​មាំ ក៏ដូចជាផ្តល់​ការ​គាំទ្រ​ដល់​អាស៊ាន​ឱ្យ​ដើរ​តួនាទី​កាន់​តែ​ធំ​ក្នុ​ងកិច្ច​ការ​តំបន់​និង​អន្តរជាតិ​យ៉ាង​មុតមាំ  ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​អាស៊ាន​ ដើម្បី រៀបចំ​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​ទី​៣០ នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​រវា​ចិន​និង​អាស៊ាន ។

  ដោយ​ឡែក អ្នក​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​បាន​ថ្លែង​ថា ប្រទេស​អាស៊ាន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេសចិន​ ក្នុ​ងន័យ​អនុវត្ត​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​មាន​ប្រសិទ្ធភាព​នូវ​ «សេចកី្តប្រកាសប្រតិបតិ្ត​នៃ​បណ្តា​ភាគី​សមុទ្រចិនខាងត្បូង» ដើម្បី​ឈាន​ដល់​ “ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង”​ដែល​មាន​ខ្លឹម​សារ​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ពេលឆាប់ៗ ។​រំពឹង​ថា កិច្ច​ព្រមព្រៀង​ស្តីពី RCEP អាច​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់ៗ ក៏ដូច​ជា​​រួម​សហការ​ជា​មួយ​ប្រទេសចិន​ រៀប​ចំ​​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​ទី​៣០ នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​ទ្វេភាគី​រវា​ចិន​និង​អាស៊ាន ៕