យប់ថ្ងៃទី៣១ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបន្តចូលរួមការប្រជុំលើកទី១៦នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានលើកឡើងថា បម្រែបម្រួលអាកាសធាតុនិងបញ្ហាថាមពលពាក់ព័ន្ធនឹងផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ និងអនាគតនៃភពផែនដី សំខាន់ត្រូវអនុវត្តសកម្មភាពជាក់ស្តែង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធាតុអាកាសអាក្រក់បំផុតកើតឡើងជាញឹកញាប់ ចំណែកទីផ្សារថាមពលអន្តរជាតិក៏មានការកក្រើកនាពេលកន្លងទៅនេះដែរ ដែលបានរំលឹកយើងថា ចាំបាច់ត្រូវសម្របសម្រួលទាំងការការពារបរិស្ថាននិងការអភិវឌ្ឍសេដ្ឋកិច្ច ស្របពេលទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដូចនេះហើយ តួអង្គសេដ្ឋកិច្ចសំខាន់ៗគួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ។
លោក Xi Jinping បានបន្តទៀតថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងដោយគ្រប់ជ្រុងជ្រោយនូវ«អនុសញ្ញាក្របខ័ណ្ឌស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ» និង«កិច្ចព្រមព្រៀងទីក្រុងប៉ារីស» គួរប្រកាន់ខ្ជាប់នូវឋានៈដឹកនាំនៃអង្គការសហប្រជាជាតិ ចាត់ទុកគោលការណ៍ទំនួលខុសត្រូវដែលចូលរួមតាមសមត្ថភាពរៀងៗខ្លួននិងច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ ចាត់ទុកសកម្មភាពប្រកបដោយប្រសិទ្ធភាពជាទិសដៅណែនាំ ដើម្បីពង្រឹងការអនុវត្តសកម្មភាពរបស់ខ្លួន និងលើកកម្ពស់កម្រិតធ្វើកិច្ចសហប្រតិបត្តិការ។ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូររបៀបប្រើប្រាស់ថាមពល ទីចុងបំផុតគឺពឹងលើការរីកចម្រើននៃបច្ចេកវិទ្យា។ សមាជិកប្រទេស G20 គួរធ្វើមុនគេក្នុងការផ្សព្វផ្សាយឱ្យបច្ចេកវិទ្យាឈានមុខត្រូវបានប្រើប្រាសជាទូទៅ។ ប្រទេសអភិវឌ្ឍន៍ក៏គួរបំពេញជាក់លាក់នូវពាក្យសន្យារបស់ខ្លួន ដើម្បីផ្តល់ជំនួយឧបត្ថមជាទឹកប្រាក់ជូនប្រទេសកំពុងអភិវឌ្ឍន៍៕