មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួម ពិព័រណ៍ទំនិញនាំចូល អន្តរជាតិចិន លើក ទី ៤ តាមរយៈប្រព័ន្ធវីដេអូអនឡាញ

2021-11-08 18:11:48 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ហុងឈាវ ដែលរៀបចំនៅទីក្រុងសៀងហៃ ប្រទេសចិន។

ក្រសួងថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធ ដោយ មាន ការ ថ្លែង សុន្ទរកថា ដោយឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតី នៃសាធារណរដ្ឋហ្សាំប៊ៀ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រ ថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការ នៃអង្គការ UNCTAD ព្រមទាំងមានការចូលរួមដោយផ្ទាល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ សមាគម បេសកជនបរទេស ស្ថានកុងស៊ុល និងអាជ្ញាធរទីក្រុងសៀងហៃ តំណាងមកពី ទី ក្រុង ហុងកុង ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ និងការចូលរួម ពីចម្ងាយ តាម ប្រព័ន្ធ វីដេអូអនឡាញ របស់ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី នៃបណ្តា ប្រទេស នានា នៅ ក្នុង តំបន់ និង ពិភព លោក ចំនួន ១០៦ ប្រទេស ។

បើតាមក្រសួងពាណិជ្ជកម្ម នេះគឺជាលើកទី៤ ដែល ប្រទេសកម្ពុជាបានចូលរួម ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ ទំនិញ នាំចូលអន្តរជាតិចិនកម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារ ការ រីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត មិន បាន ដឹកនាំ គណៈប្រតិភូទៅចូលរួមដោយផ្ទាល់ទេ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បាន រៀបចំ ពន្លា ជាតិ មួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និង បាន សម្រប សម្រួល ឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និង ផលិតផល នៅ ប្រទេស ចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។

ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនាបថខ្មែរសម័យទំនើបតាមទម្រង់3D ដោយ មាន ដាក់តាំង បង្ហាញ ផលិតផលសក្តានុពល រូបភាពស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង វីដេអូ

ផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ អ្នកទស្សនាដែល មាន ការ ចាប់ អារម្មណ៍ អាចចូលទស្សនាពន្លាជាតិកម្ពុជា តាមរយៈតំណភ្ជាប់ គេហទំព័រ របស់ គណៈកម្មការ រៀបចំពិព័រណ៍ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មក៏សូមជម្រាបផងដែរថា ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ និង វេទិកាសេដ្ឋកិច្ច អន្តរជាតិ ហុងឈាវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទី ក្រុង សៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មក ពី បណ្តា ប្រទេស ក្នុងតំបន់ និងពិភពលោកចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បាន រៀបចំ សាងសង់ ពន្លាជាតិ ចូលរួម ដោយផ្ទាល់ ក្នុង ព្រឹត្តិការណ៍ ពិព័រណ៍នេះ។ ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផល ម្ហូបអាហារនិងភេសជ្ជៈ ផលិតផលនិងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍ បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និង ពាណិជ្ជកម្ម លើ វិស័យ សេវាកម្មជាច្រើនពាន់ប្រភេទ៕