នៅថ្ងៃទី ១២ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីសមិទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ ។
លោកWang Xiaohui អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការប្រចាំថ្ងៃនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា សមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ គឺបានពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន » ។ ការបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ជាសេចក្តីសម្រេចចិត្តប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រនិងយុទ្ធសាស្ត្ររបស់បក្ស ដែលបានបង្ហាញថា បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់និងអនុវត្តដោយម្ចាស់ការនូវក្រិតក្រមប្រវត្តិសាស្ត្រ ព្រមទាំងបានបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងទំនួលខុសត្រូវរបស់បក្សកុម្មុយនិស្តចិនស្តីពីការចងចាំបេសកកម្មនៃគោលបំណងដើមដើម្បីត្រួសត្រាយអនាគតជាបន្តទៀត ។
លើសពីនេះទៀត អង្គប្រជុំក៏បានធ្វើសេចក្តីសម្រេចចិត្តមួយទៀត ពោលគឺនឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០នៅក្រុងប៉េកាំងនៅឆមាសទី២ឆ្នាំ២០២២ ។