លោកស៊ី ជីនភីងប្រធានរដ្ឋចិននិងលោកPaul Kagameប្រធានាធិបតីរវ៉ាន់ដាផ្ញើលិខិតជូនគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងរវ៉ាន់ដា

2021-11-12 17:25:56 |ប្រភព:CRI

  កាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​និង​លោក​Paul Kagame​ប្រធានាធិបតី​រវ៉ាន់ដា​បាន​ផ្ញើ​លិខិត​ជូន​គ្នា​ទៅវិញទៅមក​ដើម្បី​អបអរសាទរ​ខួបទី ៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេសទាំង​ពីរ ។ 

  ថ្លែងក្នុង​លិខិត លោក​ស៊ី ជីនភីង​បាន​លើកឡើង​ថា ក្នុង​រយៈពេល​កន្លះ​សតវត្ស​មកនេះ​​​ទំនាក់ទំនងរវាង​ប្រទេសចិននិង​រវ៉ាន់ដា​មានការ​​អភិវឌ្ឍប្រកប​ភាពរឹងមាំ​និងស្ថិរភាព ​ចំណង​មិត្តភាព​ប្រពៃណីកាន់តែ​យូរ​កាន់តែរឹងមាំ​ ។ ខ្ញុំ​យកចិត្តទុកដាក់ខ្ពស់​លើ​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិងរវ៉ាន់ដា​ មានឆន្ទៈធ្វើ​ការខិតខំប្រឹង​ប្រែង​ជា​មួយ​លោក​ប្រធានាធិបតី​ដើម្បី​​យក​ខួបទី ៥០ នៃការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​និង​កិច្ចប្រជុំជុំ​​ថ្មី​នៃ​វេទិកា​សហប្រតិបត្តិការ​ចិននិង​អាហ្រ្វីក​ជា​ឱកាសមួយ​សម្រាប់​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការកសាង​ទំនុកចិត្ត​​ផ្នែកនយោបាយទៅវិញទៅមក​​ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដូចជា​ការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់និងផ្លូវ” និង​ជំរុញ​ទំនាក់ទំនង​​មេត្រីភាព​រវាង​ប្រទេសទាំងពីរ​ឱ្យ​វិវឌ្ឍ​រីក​ចម្រើន​ជាបន្តបន្ទាប់​ សំដៅ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

  ថ្លែង​ក្នុង​លិខិត​អបអរសាទរ លោក​​Paul Kagame​​បាន​លើកឡើង​ថា ប្រទេសចិន​បាន​ផ្តល់​ការគាំទ្រ​ដល់​ប្រទេសរវ៉ាន់ដា​តាម​រយៈ​វេទិកាជា​ច្រើន​ ដូចជា​វេទិកា​សហប្រតិបត្តិការ​ចិន​និង​អាហ្រ្វីក​ និង​គំនិតផ្តួចផ្តើម​ “ខ្សែក្រវាត់និង​ផ្លូវ”​ជាដើម ដោយបាន​ដើរតួនាទីយ៉ាងសកម្ម​ក្នុង​ដំណើរ​ផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍​​នៃប្រទេសរវ៉ាន់ដា ភាគី​រវ៉ាន់ដា​នឹង​បន្ត​ពង្រឹងនិង​ពង្រីក​កិច្ចសហប្រតិបត្តិការ​​មេត្រីភាពរវាង​ប្រទេស​ទាំង​ពីរ​​លើ​គ្រប់​វិស័យ​៕