យប់ថ្ងៃទី ១៤ ខែវិច្ឆិកា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយមន្ត្រីការទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសចិននៅក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា បន្ទាប់ពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក លោក Xi Jinping ប្រធានរដ្ឋចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំជាមួយមេដឹកនាំនៃប្រទេសអាស៊ាន ។ ភាគីទាំងពីរនឹងរួមគ្នារៀបចំកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាននៅពេលដ៏ខ្លីខាងមុខនេះ ហើយនេះគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ជានិមិត្តសញ្ញាមួយដែលនឹងគ្រោងផែនការនិងចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ។
ជាការឆ្លើយតប មន្ត្រីការទូតនៃប្រទេសអាស៊ានបានអបអរសាទរចំពោះការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ដោយរំពឹងថា នឹងអាចរួមសហការជាមួយប្រទេសចិនដើម្បីរៀបចំឱ្យបានល្អនូវកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងចិន ក៏ដូចជារួមគ្នាក្តាប់ជាប់ឱកាសនិងធ្វើកិច្ចសហការគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម ៕