ឆ្លងតាមរយៈកិច្ចចរចាអស់រយៈពេលជាង១០ថ្ងៃ នៅថ្ងៃទី១៣ខែវិច្ឆិកា មហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី ២៦ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាបណ្តាភាគីចូលរួមមហាសនិ្នបាតលើកនេះ ដើម្បីទប់ទល់នឹងវិបតិ្តខាងអាកាសធាតុនៅពេលអនាគត ។ កិច្ចព្រមព្រៀងនេះ មានខ្លឹមសារ បូករួមទាំងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្មជាដើម ព្រមទាំងបានកំណត់ទិសដៅប្រតិបតិ្ត សំដៅចំពោះការសម្រេចគោលដៅនៃ «កិច្ចព្រមព្រៀងប៉ារីស»កាលពីឆ្នាំ២០១៥ ពោលគឺនឹងគ្រប់គ្រងកម្រិតឡើងកម្តៅសីតុណ្ហភាពរបស់ពិភពលោកនៅត្រឹម១.៥អង្សា ។ បន្ទាប់ពីបញ្ចប់មហាសន្និបាត ប្រទេសចិនបានលើកឡើងថា មហាសន្និបាតលើកនេះទទួលបានសមិទ្ធផលគួរឱ្យរំភើបចិត្ត ។
ប្រទេសចិនបានលើកឡើងថា ប្រទេសចិននឹងចូលរួមដំណើរឆ្លើយតបបម្រែបម្រួលអាកាសធាតុពិភពលោក ដោយឥរិយាបថសកម្មនិងមានលក្ខណៈស្ថាបនាដូចកាលមុនៗ ក្នុងន័យជំរុញបណ្តាភាគីនានាឱ្យប្រកាន់ខ្ជាប់គោលការណ៍បើកចំហ មានតម្លាភាព ចូលរួមយ៉ាងទូលំទូលាយ ភាគីហត្ថលេខីសហការគ្នានិងពិគ្រោះពិភាក្សាជាមួយគ្នា ប្រកាន់ខ្ជាប់ការរ៉ាប់រងទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នា ក៏ដូចជាផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍបៃតងនិងកាបូនទាបរបស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”បៃតង ។ ព្រមពេលជាមួយគ្នានេះ នឹងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រជាតិស្តីពីបម្រែបម្រួលអាកាសធាតុ អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយជាបន្តទៀត ដើម្បីខំប្រឹងប្រែងសម្រេចបាននូវគោលដៅអាកាសធាតុរបស់ប្រទេសចិន ៕