កាលពីថ្ងៃទី១៥ខែវិចិ្ឆកា ប្រេសិតចិនប្រចាំនៅអាស៊ានបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនិងពិព័រណ៍រូបភាពដើម្បីរំលឹកខួបទី៣០នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងចិននិងអាស៊ាននៅក្រុងហ្សាកាតា ដែលមានវត្តមានរបស់មន្ត្រីលេខាធិការដ្ឋានអាស៊ាន តំណាងអចិន្ត្រៃយ៍របស់រដ្ឋសមាជិកអាស៊ាន ឯកអគ្គរដ្ឋទូតរបស់ប្រទេសជាដៃគូសន្ទនាប្រចាំនៅអាស៊ាន ព្រមទាំងតំណាងប្រព័ន្ធសារព័ត៌មានចិននិងអន្តរជាតិសរុបជិត៧០រូប ។
លោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ានបានលើកឡើងថា ឆ្នាំនេះជាខួបទី៣០នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងចិននិងអាស៊ាន ។ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិននិងអាស៊ានបានសម្រេចការអភិវឌ្ឍយ៉ាងលេចធ្លោ ទទួលបានសមិទ្ធផលជានិមិត្តសញ្ញានិងក្លាយជាគំរូដ៏ជោគជ័យបំផុតនិងមានកម្លាំងរស់រវើកបំផុតក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីប៉ាស៊ីហ្វិក ។ អាស៊ានជាទិសដៅអាទិភាពនៃនយោបាយការទូតជាមួយប្រទេសជិតខាងរបស់ប្រទេសចិន ។ ប្រទេសចិនរំពឹងទុកនិងជឿជាក់ថា ទំនាក់ទំនងរវាងចិននិងអាស៊ានមុខជានឹងឈានទៅរកខួបទី៣០មួយទៀតដែលកាន់តែអស្ចារ្យនិងខ្លាំងក្លាជាមិនខាន ។
ថ្ងៃដដែល រូបភាពជាង៤០សន្លឹកដែលតាំងបង្ហាញក្នុងពិព័រណ៍បានបង្ហាញពីខណៈពេលដ៏អស្ចារ្យក្នុងដំណើរធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅ ព្រមទាំងបង្ហាញពីរយៈពេល១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននិងដំណើរអភិវឌ្ឍន៍នៃសាធារណរដ្ឋប្រជាមានិតចិន ។