រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា ដោយសារកម្ពុជាយើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។
សម្តេចតេជោ ហ៊ុន សែន សូមក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការតាមគោលនយោបាយថ្មីសម្រាប់អ្នកដំណើរចូលកម្ពុជា ។ កាលពីមុន ប្រទេសកម្ពុជាមានគោលនយោបាយសម្រាប់អ្នកដំណើរចូលកម្ពុជា គឺពាណិជ្ជករដែលបានចាក់វ៉ាក់សំាងពេញលេញ តម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ ភ្ញៀវទេសចរធម្មតាតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៧ថ្ងៃ ។
ថ្មីៗនេះ ប្រទេសកម្ពុជាកំពុងអនុវត្ត”ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពសុំាសង្គម-សេដ្ឋកិច្ចនៅកម្ពុជា”ដើម្បីបើកឡើងវិញសេដ្ឋកិច្ចក្នុងគ្រប់វិស័យយ៉ាងពេញលេញ ពន្លឿនការស្តារសេដ្ឋកិច្ច ។ នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ គ្រប់សាលានៅប្រទេសកម្ពុជាបន្តថ្នាក់រៀន រោងល្ខោន និងកន្លែងហាត់ប្រាណជាដើមក៏បើកដំណើរការជាធម្មតា ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាមានផែនការនឹងអនុញ្ញាតកន្លែងកម្សាន្ត និងក្លឹបរាត្រីបើកដំណើរការចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ។
អ្នកបកប្រែ៖刘蓉