ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិនជួយ ផ្ទេរបច្ចេកទេសផលិតវ៉ាក់សាំងវីដ១៩នៅកម្ពុជា ដើម្បីងាយស្រួលផ្គត់ផ្គង់ក្នុងប្រទេសនិងតំបន់។
ក្នុងឱកាសទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ងែមទៀតនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅ ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសចិន គឺកម្ពុជានៅត្រូវការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិនជាបន្តបន្ទាប់ទៀត មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងទេនេះ ដោយឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានសន្យាផ្តល់វ៉ាក់សាំងមកកម្ពុជាបន្តទៀត។ ហើយសម្តេចក៏បាននិយាយការផ្គត់ផ្គត់បន្ត រហូតនិយាយដល់គំនិតផ្តួចផ្តើម វ៉ាក់សាំងនៅកម្ពុជាតែម្តង ខណៈដែលប្រទេសមួយចំនួន បានធ្វើការផលិតជាវ៉ាក់សាំងរួចទៅហើយ ។ នេះបានសេចក្ដីថា ជារបៀបនៃកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំង ដែលមានមូលដ្ឋានផលិតវ៉ាក់សាំងនៅនិងកម្ពុជា ហើយដែលផ្តល់ប្រភពវ៉ាក់សាំងចេញពីប្រទេសចិន។ សម្តេចបញ្ជាក់ថា ការធ្វើយ៉ាងដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញយកវ៉ាក់សាំង ដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃទៀតតាមរយៈ នៃការបញ្ជាទិញពីប្រទេសដទៃ។ ដូចនេះសម្តេច តេជោសង្ឃឹមថា ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងបញ្ជូននូវសំណើរបស់សម្តេចជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជិន ពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺជាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ព្រោះយើងមិនបានដឹងថា តើកូវីដ១៩វាត្រូវបញ្ចប់នៅពេលណានោះទេ។ សម្តេចបន្ថែមថា ប្រសិនបើអាចបង្កើតបាននូវស្ថានភាពនៃការផលិតវ៉ាក់សាំងដែលដំណាក់កាលចុងក្រោយ ជាផលិតផលសម្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនេះកម្ពុជាមានឱកាសច្រើនណាស់សម្រាប់ការពារជីវិតរបស់ប្រជាជនកម្ពុជា ដោយមិនចាំបាច់ខ្វល់ខ្វាយ ទៅរកនៅទីកន្លែងណាផ្សេងហើយត្រូវការដឹកជញ្ជូននៅក្នុងចម្ងាយដ៏ឆ្ងាយនោះទេ។ ក៏ប៉ុន្តែវត្ថុធាតុដើមវ៉ាក់សាំងការពារដែលបានផលិត ត្រូវយកមករៀបចំឱ្យទៅជាផលិតផលសម្រេចនៅក្នុងប្រទេសកម្ពុជា។
សំឡេង៖ «ដូចនេះខ្ញុំសង្ឃឹមថាប្រសិនបើយើងធ្វើបានយ៉ាងដូច្នេះ គឺយើងធានាថា បើទោះបីជាកូវីដត្រូវអូសបន្លាយរយៈពេល២ទោ៥ឆ្នាំទៅមុខទៀត យើងមានមូលដ្ឋានវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើងហើយដែលសមប្រគល់ការងារនេះជូនក្រសួងសុខាភិបាល ធ្វើការបន្តជាមួយអគ្គរដ្ឋទូតចិននៅទីនេះក៏ដូចជា ក៏មានបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ី ក៏បានធ្វើបែបនេះ ដូចដែលអ្វីដែលខ្ញុំបាននិយាយ ប្រទេសថៃក៏មានការធ្វើអាស្ត្រាហ្សេនេការ ត្រូវបានផលិតនៅក្នុងប្រទេសថៃ តាមរយៈការដឹកជញ្ជូនយកមករៀបចំផលិតចុងក្រោយនៅក្នុងប្រទេសថៃ ដូចនេះយើងក៏មានលទ្ធភាពដើម្បីនឹងធ្វើការងារនេះ គឺដឹកស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម មក រៀបចំជាដំណាក់ការចុងក្រោយចេញពីកម្ពុជា ដែលផ្តល់ឱកាសឱ្យកម្ពុជាអាចមានវ៉ាក់សាំងចាក់សម្រាប់ប្រជាជនខ្លួនឯងផង ទិញយកពីរោងចក្រដើម្បីផ្គត់ផ្គង់ចក្រចាក់ដោយខ្លួនឯងផង និងសម្រាប់ចែកចាយទៅខាងក្រៅផង»។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) បានអបអរសាទរចំពោះកម្ពុជា ដែល សម្រេចបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនថា ដរាបណាប្រទេសកម្ពុជា មិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ រដ្ឋាភិបាលចិន ក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនមកកម្ពុជាដែរ ។
គួរជម្រាបថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។ ក្នុងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល វ៉ាក់សាំងជាវិធានការគន្លឹះសំខាន់ជាងគេបង្អស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទោះបីជាមានវិធានការផ្សេងៗទៀតក៏ដោយ៕