កាលពីថ្ងៃទី១៧ខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Issac Herzog ប្រធានាធិបតីអ៊ីស្រាអែល ។
លោក Xi Jinping បានថ្លែងថា ចាប់តាំងពីចិននិងអ៊ីស្រាអែលបានបង្កើតទំនាក់ទំនងផ្លូវទូតមក ភាគីទាំងពីរបានគោរពតាមគោលការណ៍សំខាន់ដូចជាការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកជាដើម ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងល្អប្រសើរនិងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យទទួលបានសមិទ្ធផលជាវិជ្ជមានផងដែរ ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងអ៊ីស្រាអែល រីករាយរួមជាមួយភាគីអ៊ីស្រាអែលចាត់ទុកការអបអរសាទរខួបទី៣០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីស្រាអែលបន្តរីកចម្រើនយ៉ាងរឹងមាំនិងមានស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជនរបស់ប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Issac Herzog បានថ្លែងថា ភាគីអ៊ីស្រាអែលប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយប្រទេសចិនមួយយ៉ាងមុតមាំ ខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងមេត្រីភាពរវាងអ៊ីស្រាអែលនិងចិនមានភាពកាន់តែស៊ីជម្រៅ ។ ភាគីអ៊ីស្រាអែលរីករាយរួមជាមួយភាគីចិន រៀបចំធ្វើសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបទី៣០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរឱ្យបានល្អ ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី សេដ្ឋកិច្ច កសិកម្មនិងកីឡាជាដើម ។