ថ្ងៃទី១៧ខែវិច្ឆិកា រដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានបើកធ្វើសន្និសីទសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ដើម្បីធ្វើបទបង្ហាញពីបទពិសោធន៍របស់ស៊ីនជាំងក្នុងការប្រឆាំងភេរវកម្មនិងលុបបំបាត់សកម្មភាពជ្រុលនិយម។
ទាក់ទិននឹងរឿងនេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅរសៀលថ្ងៃទី១៨ខែវិច្ឆិកា លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា សន្និសីទសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំងលើកនេះ អ្នកនាំពាក្យនៃរដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានធ្វើបទបង្ហាញពីបទពិសោធន៍ធំៗចំនួន៧ចំណុចរបស់ស៊ីនជាំងក្នុងការប្រឆាំងភេរវកម្មនិងលុបបំបាត់សកម្មភាពជ្រុលនិយម។ បទពិសោធន៍៧ចំណុចនេះបានប្រមូលផ្តុំនូវញើសឈាមនិងតម្រិះប្រាជ្ញារបស់កម្មាភិបាលនិងប្រជាជនគ្រប់ជនជាតិនៃស៊ីនជាំងដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបង្រ្កាបបទឧក្រិដ្ឋភេរវកម្មនិងហិង្សា ក្នុងន៍យធានាដល់សុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ហើយក៏ជាការធានាយ៉ាងមុតមាំសម្រាប់ភាពសុខសាន្តក្នុងសង្គមស៊ីនជាំងនិងធ្វើឱ្យសភាពការណ៍សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនឡើងដល់កម្រិតថ្មីមួយជាបន្តបន្ទាប់ផងដែរ។
បច្ចុប្បន្ននេះ សង្គមស៊ីនជាំងមានស្ថិរភាពនិងភាពចុះសម្រុងគ្នា សេដ្ឋកិច្ចបានវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយវិបុលភាព ប្រជាជនគ្រប់ជនជាតិមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។ ប្រការទាំងនេះសុទ្ធតែជាការបញ្ជាក់ល្អបំផុតនៃសភាពការណ៍សិទ្ធិមនុស្សដ៏ពិតប្រាកដរបស់ស៊ីនជាំង ជាការបកស្រាយដ៏រស់រវើកបំផុតចំពោះប្រសិទ្ធភាពនៃគោលនយោបាយអភិបាលកិច្ចរបស់ស៊ីនជាំង ហើយក៏ជាការឆ្លើយតបយ៉ាងខ្លាំងបំផុតចំពោះពាក្យភូតកុហកនិងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងស៊ីនជាំងផងដែរ៕