ថ្ងៃទី ១៧ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មានជាប្រចាំដោយលើកឡើងថា ឆ្លងតាមរយៈកិច្ចពិគ្រោះពិភាក្សាជាច្រើនលើក នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមចំនួន ៣ ចំណុចស្តីពីបញ្ហាផ្តល់ទិដ្ឋាការសម្រាប់អ្នកសារព័ត៌មាននៃគូភាគីដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
លោក Zhao Lijian បាននិយាយថា ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រព័ន្ធសារព័ត៌មាន ហើយបាននិងកំពុងធ្វើការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយសម្រួលការងារនិងផ្តល់សេវាកម្មដល់អ្នកសារព័ត៌មានបរទេស ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិកផងដែរក្នុងការផ្សាយដំណឹងស្របតាមច្បាប់និងបទប្បញ្ញត្តិនៅក្នុងប្រទេសចិនជាប់រហូតមក ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងច្បាស់នូវទង្វើដែលមានលក្ខណៈរើសអើងរបស់អាមេរិកចំពោះប្រព័ន្ធសារព័ត៌មានចិនដែលប្រចាំនៅអាមេរិក ។
ទាក់ទិននឹងគំនិតឯកភាពរួមចំនួន ៣ ចំណុចដែលភាគីទាំងពីរបានឈានដល់ លោក Zhao Lijian បានថែ្លងថា សមិទ្ធផលនេះគឺទទួលបានមកដោយមិនងាយទេ គឺសមស្របនឹងផលប្រយោជន៍របស់ប្រព័ន្ធសារព័ត៌មាននៃភាគីទាំងពីរ ហើយមានតម្លៃថែរក្សាឱ្យបានល្អ ។ លោករំពឹងថា អាមេរិកនឹងធ្វើតាមពាក្យសន្យារបស់ខ្លួននិងអនុវត្តជាក់ស្តែងនូវវិធានការនិងគោលនយោបាយពាក់ព័ន្ធក្នុងពេលឆាប់ៗ ៕