ភ្នំពេញ៖ ព្រះមហាក្សត្រម្ពុជា បានមានព្រះបន្ទូលថា «ប្រទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន គឺ ជា មិត្តចាស់នឹងគ្នា។ ទំនាក់ទំនងមិត្តភាពជាលក្ខណៈប្រពៃណី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទ្វេភាគី និងពហុភាគីដ៏ស៊ីជម្រៅលើគ្រប់វិស័យ រវាងប្រទេសយើងទាំងពីរ ក៏បានរីកចម្រើនកាន់តែខ្លាំងឡើងពីមួយកម្រិតទៅមួយកម្រិតផងដែរ»។
នេះបើយោងតាមព្រះរាជសារ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាកាលពីថ្ងៃទី18 ខែវិច្ឆិកាឆ្នាំ2021ដែលផ្ញើ ជូនចំពោះ ឯកឧត្តមស៊ី ជិនពីងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអរគុណ ចំពោះសារលិខិតអបអរសាទរ ដែលឯកឧត្តមបានថ្លែងមកកាន់ព្រះអង្គ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៨ របស់ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសារបញ្ជាក់ថា ព្រះអង្គទន្ទឹងរង់ចាំក្នុងការបន្តធ្វើកិច្ចការជាមួយឯកឧត្តមស៊ី ជិនពីង ដើម្បីលើកកម្ពស់ការកសាង សហគមន៍រួមវាសនាតែមួយ ដើម្បីនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀត ដល់ប្រជាជននៃប្រទេសយើងទាំងពី
ក្នុងព្រះរាជសារ នោះ ព្រះអង្គបានមានព្រះបន្ទូលបន្តថា៖ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួមជាមួយខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លារបស់ឯកឧត្តម ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩ និងការស្វាគមន៍ចំពោះយើងខ្ញុំ យាងទៅពិនិត្យព្រះរាជសុខភាព និងវិស្សមកាលនៅប្រទេសចិន នៅគ្រប់កាលវេលាទាំងអស់។ យើងខ្ញុំសូមវាយតម្លៃខ្ពស់បំផុត ចំពោះចំណងមិត្តភាពជាមួយឯកឧត្តម និងលោកជំទាវ PENG LIYUAN»៕