តាមប្រភពព័ត៌មានពីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា បានឱ្យដឹងថា ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនជាង ៩៥% នៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ វ៉ាក់សាំងចិនមិនត្រឹមតែមានសុវត្ថិភាព និងមានប្រសិទ្ធភាពទេ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃ កិច្ចការចាក់វ៉ាក់សាំងជំហានទី១របស់ប្រទេសកម្ពុជាបានបញ្ចប់ហើយ ហើយប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញក្នុងគ្រប់វិស័យ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ។ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ក្នុងការប្រឈមនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ “ប្រជាជនទីមួយ” ។ ដើម្បីបន្ថយបន្ទុករបស់ប្រជាជនខ្មែរ រាជរដ្ឋាភិបាលកម្ពុជាបានចេញគោលនយោបាយធ្វើចត្តាឡីស័កដោយឥតគិតថ្លៃ ការព្យាបាលដោយឥតគិតថ្លៃ និងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា យើងសប្បាយចិត្តណាស់ដោយមើលឃើញអត្រាចាក់វ៉ាក់សាំងកូវីដ-១៩របស់ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១ លើពិភពលោក ចំនួនអ្នកជំងឺកូវីដ១៩ប្រចាំថ្ងៃធ្លាក់ដល់ពីរខ្ទង់ និងភាគច្រើនជាអ្នកជំងឺកម្រិតស្រាល ចំពោះការដោះស្រាយលើជំងឺកូវីដ១៩ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបង្ហាញនូវសកម្មភាពជាវិជ្ជមានជូនដល់ប្រជាជនខ្មែរគ្រប់រូប ។
ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះគឺ រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រើប្រាស់វ៉ាក់សាំងជាមធ្យោបាយសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានបង្កើតគោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជនទាំងអស់ ។ សម្ដេចតេជោ ហ៊ុន សែនសម្រេចទុកវ៉ាក់សាំងចិនជាយុទ្ធសាស្ត្រពឹងផ្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងរបស់កម្ពុជា ។ ជាការពិត នេះជាការសម្រេចដ៏ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្ត និងយុទ្ធសាស្ត្រដ៏មានអត្ថន័យមិនអាចកាត់ថ្លៃបាន ។
ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ទៀតថា ក្រៅពីគាំទ្រមិត្តដែកថែបដូចប្រទេសកម្ពុជា ប្រទេសចិនយកចិត្តទុកដាក់ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ដោយឈរលើគោលការណ៍បង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
អ្នកបកប្រែ៖刘蓉