ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែករំលែកនូវអនុសាសន៍ ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ឱ្យកាន់តែប្រសើរឡើង ដោយអាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ អាស៊ាន -ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតល្មួត ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងតំបន់ទាំងពីរ ។ ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ និងមានតួនាទី កាន់តែសំខាន់ និងច្រើនឡើង ទាំងក្នុងតំបន់ និងសកលលោក ហើយអាស៊ានក៏បានបំពេញតួនាទីកាន់តែទូលំទូលាយ, ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជាសម្រាប់សកលលោកទាំងមូល ជាពិសេស នៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងស្មារតីនៃការពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ឱ្យកាន់តែប្រសើរឡើង សម្តេចសូមចូលរួមចែករំលែកនូវអនុសាសន៍មួយចំនួន ដូចជា កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះ ក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងពេលចំពោះមុខ, កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និង លើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ។
សម្តេចតេជោបន្តថា ជាទិសដៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្ម និងចលនាប្រជាជន ។ ជាមួយគ្នានេះ, បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០ ។
បន្ថែមពីនោះទៀត កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ។ កម្ពុជាក៏សូមស្វាគមន៍ផងដែរនូវគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងការស្តារ
សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និង ក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ។ ក្នុងន័យនេះកម្ពុជាសង្ឃឹមថា គំនិតផ្ដួចផ្តើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ។
សម្តេចតេជោបានបន្តទៀតថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយមដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរ លើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កា នៅក្នុងតំបន់ ។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្តើមប្រារព្ធខួប ២០ ឆ្នាំ នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ ២០២២ ខាងមុខនេះ ។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់ ៕