ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

2021-11-24 17:10:53 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន (CCIC) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិកCCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ។

  អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕