ថ្ងៃទី ២៤ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទជាប្រចាំថា ភាគីចិននឹងបន្តចាប់ដៃគ្នាជាមួយប្រទេសអាស៊ាន ដើម្បីគាំពារសុខភាពនៃប្រជាជន និងជួយជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់ សំដៅរួមគ្នាកសាងទីលំនៅសន្តិភាព ស្ងប់សុខ វិបុលភាព ស្រស់ស្អាត និងមិត្តភាព ។
មានអ្នកសារព័ត៌មានសួរថា ប្រព័ន្ធសារព័ត៌មានសម្គាល់ថា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានជំរុញការអភិវឌ្ឍទំនាក់ទនងវាងចិននិងអាស៊ាន ។ ទាក់ទិននឹងរឿងនេះ ភាគីចិនមានមតិយោបល់យ៉ាងណា ?
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជូនដល់ប្រទេសឡាវ និងកម្ពុជាជាដើម នេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រវាងចិននិងអាស៊ាន ។ មេដឹកនាំនៃប្រទេសសមាជិកអាស៊ាន បូករួមទាំងសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងអគ្គលេខាធិការអាស៊ានសុទ្ធតែវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកូវីដរវាងប្រទេសចិននិងអាស៊ាន ដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីកម្រិតខ្ពស់នៃការដែលប្រទេសចិននិងអាស៊ានរួមគ្នាកសាងសហគមន៍សុខភាព ។
លោក Zhao Lijian បានថ្លែងថា រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី ៥ រយលានដូសនិងសម្ភារៈវេជ្ជសាស្ត្រជាច្រើនជូនដល់ប្រទេសអាស៊ានទាំង ១០ ។ ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ប្រទេសចិនបានប្រកាសដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការស្តីពី "ខែលការពារសុខភាពចិន-អាស៊ាន"បូករួមទាំងការផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ១៩ចំនួន ១៥០លានដូស ដល់ប្រទេសអាស៊ាន និងបរិច្ចាគ ៥ លានដុល្លារអាមេរិកបន្ថែមទៀតដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺអាស៊ាន ដើម្បីបង្កើនការ រួមគ្នាផលិតនិងការផ្ទេរបច្ចេកទេសវ៉ាក់សាំង អនុវត្តកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍឪសថសំខាន់ៗ ដើម្បីជួយអាស៊ានពង្រឹងការកសាងប្រព័ន្ធសុខាភិបាលសាធារណៈមូលដ្ឋាន និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងហេតុការណ៍សុខភាពសាធារណៈសំខាន់ៗ ។ ប្រទេសចិននឹងផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតដល់បណ្តាប្រទេសអាស៊ានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ៕