លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងលោក Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ីបានធ្វើជាសហអធិបតីភាពក្នុងកិច្ចជំនួបពិភាក្សាតាមពេលកំណត់រវាងនាយករដ្ឋមន្រ្តីចិននិងរុស្ស៊ីលើកទី២៦នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។
លោក Li Keqiang បានថ្លែងថា ភាគីទាំងពីរគួរតែសម្រួលលំហូរនៃឧស្សាហកម្ម បច្ចេកវិទ្យា ធនធានជាដើមរវាងប្រទេសទាំងពីរឱ្យមានភាពរលូន បង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការ ជំរុញកិច្ចសម្រួលផ្នែកពាណិជ្ជកម្មនិងវិនិយោគ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមូលដ្ឋាន ការផ្លាស់ប្តូរសមិទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូថាមពលកាន់តែជិតស្និទ្ធ។
ជាការឆ្លើយតបលោក Mishustin បានថ្លែងថា ប្រទេសរុស្ស៊ីរីករាយរួមជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពាណិជ្ជកម្ម ថាមពលនិងបច្ចេកវិទ្យាជាដើម បង្កើនការតភ្ជាប់រវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ានជាមួយគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ពង្រឹងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនជាបន្តបន្ទាប់៕