ភ្នំពេញ៖នមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា វិនិយោគិនចិនបានបណ្តាក់ទុននៅកម្ពុជាសរុប ២៧ពាន់លានដុល្លារអាមេរិកហើយ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ចុងឆ្នាំ២០២១នេះ ខណៈដែលកម្ពុជាគឺទិសដៅវិនិយោគដ៏សំខាន់របស់ចិន។
មានប្រសាសន៍អំឡុងសិក្ខាសាលាមួយ កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ២០២១ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងវិនិយោគិនចិនដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពូជា ជាពិសេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ជាក់ស្តែង ជាការកត់សម្គាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩២ដល់ ២០២០ សាធារណរដ្ឋប្រជាមានិតចិនបានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជា សរុបប្រមាណ ៤៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគិនចិនបានបណ្តាក់ទុកសរុបប្រមាណជាង២៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ឯកឧត្តមបានមានប្រសាសន៍បែបនេះ អំឡុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន និងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេសដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ នារាជធានីភ្នំពេញ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងខាងវិស័យឯកជន កម្ពុជា-ចិន ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម បានមានលើកឡើងផងដែរ ពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ និងត្រូវបានពូនជ្រំ ជាបន្តបន្ទាប់ រហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២១។ ទំនាក់ទំនងការទូតដ៏ល្អប្រសើរនេះត្រូវបានឆ្លុះបញ្ជាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយចិនបានក្លាយជាដៃគូពាណិជញជ្ជកម្ម ប្រភពទុនវិនិយោគនិងទេសចរណ៍ធំជាងគេរបស់កម្ពុជា។
ពាក់ព័ន្ធនឹងច្បាប់ស្តីពីការវិនិយោគថ្មីនេះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានលើកឡើងថា ច្បាប់នេះត្រូវបានតាក់តែងស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បដិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវ៉ាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ឯកឧត្តមក្តីរំពឹងខ្ពស់ថា តាមរយៈសិក្ខាសាលានេះ វិនិយោគិនចិនបានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់វិនិយោគនៃប្រទេសកម្ពូជា និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមក៏ពានអញ្ជើញវិនិយោគិនចិនដែលនៅក្រៅប្រទេស មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ស្របពេលដែលកម្ពុជាបានលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច។
ក្នុងពេលអញ្ជើញថ្លែងបើកសិក្ខាសាលា ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសម្តែងនូវអំណរសាទរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានតាក់តែងច្បាប់ស្តីពីវិនិយោគនេះឡើង។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជាមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។ ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតល្អបំផុតជាប្រវត្ថិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។ ឯកឧត្តម សង្ឃឹមថា ជាមួយនឹងការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕