ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជីវាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យផ្សេងៗ រួមមានវិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចលើពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។
ប្រភពពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា វិនិយោគិនចិនបានបណ្តាក់ទុន នៅកម្ពុជាសរុប២៧ពាន់លានដុល្លារអាមេរិកហើយចាប់តាំងពីឆ្នាំ ១៩៩២ មកដល់ចុងឆ្នាំ២០២១ នេះ ខណៈដែលកម្ពុជាគឺជា ទិសដៅវិនិយោគដ៏សំខាន់របស់ចិន។
ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជានិងប្រទេសចិនមានទំនាក់ទំនង ជាមួយគ្នាតាំងពីយូរយារណាស់មកហើយ ដែលយើងអាចដឹងច្បាស់តាមរយៈកំណត់ត្រារបស់លោក កាំង ថៃ ដែលជារាជទូតចិនមកបំពេញទស្សនកិច្ចនៅក្នុងសម័យហ្វូណន និងកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដែលជារាជទូតចិនមកបំពេញទស្សនកិច្ចនៅក្នុងសម័យអង្គរ។ រហូតមកដល់សម័យសង្គមរាស្ត្រនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសទាំងពីរ ក៏បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាដែលគិតរហូតមកដល់ពេលនេះ។ តាមរយៈប្រវត្តិនៃការចងសម្ព័ន្ធមិត្តកន្លងមក កម្ពុជានិងចិន គឺជាអ្នកជិតខាងដ៏ល្អ ដែលរាប់អានគ្នាជាមិត្តភក្តិល្អ ជឿទុកចិត្តគ្នា ជាបងប្អូន រួមសុខរួមទុក្ខ និងជាដៃគូសហការគ្រប់ជ្រុងជ្រោយដ៏ប្រសើររហូតមកដល់បច្ចុប្បន្ន។
ជាក់ស្តែងក្នុងបរិបទកូវីដ-១៩នេះ ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាយ៉ាងច្រើនលើសលុប និងបានជួយកម្ពុជាទាំងបច្ចេកទេស និងថវិកាជាច្រើនក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕