ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២៩ខែវិច្ឆិកា វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មតំបន់ត្រូពិចចិន(ហៃណាន)-កម្ពុជាស្តីពីបច្ចេកទេសដាំចេកតាមស្ដង់ដារប្រចាំឆ្នាំ២០២១ត្រូវបានរៀបចំឡើងក្រោមទម្រង់អ៊ីនធើណេត។ អ្នកជំនាញសាស្ត្រាចារ្យដែលអញ្ជើញមកពីបណ្ឌិត្យសភាកសិកម្មតំបន់ត្រូពិចចិនបានបង្រៀននៅខេត្តហៃណានប្រទេសចិន ហើយសិក្ខាកាមកម្ពុជាបានចូលរួមសិក្សាពីចំណេះដឹងទ្រឹស្តីនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា រួចនឹងចុះទៅកាន់មូលដ្ឋានកសិកម្មក្នុងស្រុកដើម្បីអនុវត្តជាក់ស្ដែងផងដែរ។ វគ្គបណ្តុះបណ្តាលលើកនេះបានផ្តោតសំខាន់លើ ការវិភាគអភិវឌ្ឍវិស័យដាំដុះដំណាំចេកនៅកម្ពុជា បច្ចេកវិទ្យាបៃតងការពារសត្វល្អិត ការរក្សាគុណភាពក្រោយពីការប្រមូលផលនិងការប្រើប្រាស់ធនធានសម្ភារកាកសំណល់ ការវិភាគអត្ថប្រយោជន៍សេដ្ឋកិច្ចនិងការបង្កើតផ្លាកសញ្ញាផលិតផល និងបច្ចេកទេសដាំដុះដំណាំស្វាយប្រកបដោយប្រសិទ្ធភាពខ្ពស់ជាដើម។
លោក អ៉ិត គឹមសួ តំណាងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងHaikouប្រទេសចិនមានប្រសាសន៍ថា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិន ផ្លែចេកនិងផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនដោយជោគជ័យ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងកម្ពុជា-ចិន។ នាពេលអនាគត ផលិតផលកសិកម្មកម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់។
លោក Chen Qisheng ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនCCIC (Cambodia) Co. , Ltd មានប្រសាសន៍ថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ក្រៅពីចិនបន្តបើកទីផ្សារនិងគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសចិនវិនិយោគវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ក៏ចាំបាច់ត្រូវលើកកម្ពស់កម្រិតបច្ចេកវិទ្យាផលិតកម្មកសិកម្ម សមត្ថភាពលក្ខណៈពិសេសរបស់បុគ្គលិកបច្ចេកទេសកសិកម្ម និងពង្រីកជំនាញពលករផ្នែកកសិកម្ម។ វគ្គបណ្តុះបណ្តាលលើកនេះគឺជាវគ្គបណ្ដុះបណ្ដាលចំពេលដែលមានតម្រូវការនិងចាំបាច់បំផុត៕