ភ្នំពេញ ៖ សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាបានឱ្យដឹងថា ការដាំដំណាំខ្នុរណាំង១៨ កំពុងមានទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសចិន ខណៈដំណាំនេះជាប្រភេទដំណាំសេដ្ឋកិច្ច ដែលមានតម្រូវការទីផ្សារនាំចេញ ។
លោកអ៊ុ រត្នខេមរា សហការីសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំខ្នុរណាំង១៨នេះ ជាប្រភេទដំណាំកសិឧស្សាហកម្ម ដែលនាំយកពូជមកពីប្រទេសវៀតណាម ដោយសព្វថ្ងៃកំពុងមានកសិករជាច្រើនកំពុងដាំដុះ សម្រាប់ដាំនាំចេញទៅកាន់ប្រទេសចិន។
លោកបន្ថែមថា ដំណាំខ្នុរណាំង១៨នេះ មានអាយុកាលរហូតដល់ទៅ៣០ឆ្នាំ ហើយវាមានរសជាតិឆ្ងាញ់ សាច់ស្រួយ ពណ៌ទឹកដោះគោ និងទុំសម្បកខៀវ ។
សំឡេង៖ “ខ្ញុំចង់ផ្ដាំផ្ញើទៅប្រជាកសិករថា សូមឱ្យគាត់ផ្លាស់ប្ដូរទម្លាប់ ទម្លាប់ដាំដំណាំបែបគ្រួសារ មកដាំបែបផែនសហគមន៍ ទើសហគមន៍មានបច្ចេកទេស មានទីផ្សារច្បាស់លាស់ជួយគាត់ យើងមានកូតានាំចេញទៅក្រៅប្រទេសច្បាស់លាស់ ហើយយើងមានកិច្ចសន្យាស្របច្បាប់ យាយទៅយើងអនុវត្តតាមអនុក្រឹត្យ របស់ក្រសួងកសិកម្ម ច្បាប់កិច្ចសន្យាស្ដីអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យាដែលចេញដោយក្រសួងកសិកម្ម ដែលមានឯកឧត្ដម វេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន ជាពិសេសគឺមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានកិត្តិយស”។
លោកបញ្ជាក់ថាដំណាំខ្នុរណាំង១៨នេះ ក្នុង១ហិកតាអាចដាំបាន ១១១១ដើម ដោយប្រើរយៈពេលក្នុងការដាំ១ឆ្នាំកន្លះ ទើបទទួលបានផល និង ១ផ្លែមានទម្ងន់ពី១០ទៅ២០ គីឡូក្រាម។
សូមបញ្ជាក់ថា បច្ចុប្បន្នមានបណ្ដាលខេត្តជាច្រើនទៀតនៅកម្ពុជា កំពុងសាកល្បងដាំដំណាំកសិឧស្សាហកម្ម នេះរួមមាន ៖ ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ៕