កាលពីថ្ងៃទី១ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើលិខិតចូលរួមអបអរសាទខួបទី ២០ នៃការបង្កើតគណបក្សសហព័ន្ធរុស្ស៊ីនៃប្រទេសរុស្ស៊ី។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួប ទី២០ នៃការបង្កើតទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិននិងគណបក្សសហព័ន្ធរុស្ស៊ី។ ក្នុងរយៈពេល២០ឆ្នាំមកនេះ ទំនាក់ទំនងរវាងភាគីទាំងពីរបានបន្តវិវឌ្ឍរីកចម្រើនទៅមុខដោយឥតឈប់ឈរ ហើយបានដើរតួនាទីពិសេសក្នុងការអនុវត្តការគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តខាងនយោបាយនិងយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ី និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ។
លោក Xi Jinping បានថ្លែងទៀតថា បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពជាមួយបក្សសហព័ន្ធរុស្ស៊ី ហើយរំពឹងទុកថា បក្សទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកយន្តការ ព្រមទាំងរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងដើម្បីជំរុញទំនាក់ទំនងចិន-រុស្ស៊ីឱ្យបោះជំហានទៅមុខនិងឡើងដល់កម្រិតកាន់តែខ្ពស់ក្នុងយុគសម័យថ្មីនិងជំរុញកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។